(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០២០ មក ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ លោក អ៉ីវ គឹមសួរ ដែលជាគ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH បានធ្វើព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ រយៈពេល២យប់៣ថ្ងៃ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត ដោយមានការគាំទ្រពីសំណាក់ សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និង អជ្ញាធរមូលដ្ឋាន។
ក្នុងឆ្នាំ២០២៤នេះ លោកនៅតែបន្តរៀបចំព្រឹត្តិការណ៍នេះឡើងដោយរំពឹងទុកថា នឹងមានអ្នកចូលរួមអោយបានច្រើនកុះករ និងប្រមូលថវិការឱ្យបានច្រើនអស់ពីការខិតខំប្រឹងរបស់ក្រុមការងារ។
មិនត្រឹមតែរៃអង្គាសថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបប៉ុនណោះទេ កម្មវិធីបានបំផុសគំនិតហាត់ប្រាណដើម្បីសុខភាព តាមរយៈការដើរ និងផ្សព្វផ្សាយទីកន្លែងទេសចរណ៍ដ៏ស្រស់ត្រកាលនាភាគនារតីនៃប្រទេសកម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំង ខារ៉ាប៉ាវ និងក្រុមហ៊ុនធានារ៉ាបរង Elite Insurance Brokers ព្រមទាំងឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel និង Ganesha Kampot Resort រួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងៗទៀតរួមមានទាំងថវិកា និងសម្ភារៈផងដែរ។
លោក អ៉ីវ គឹមសួរ ជាអ្នកផ្តួចផ្តើមគំនិតរៃអង្គាស និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់របស់មន្ទីរពេទ្យកុមារអង្គរផង សូមអំពាវនាវដល់ក្រុមហ៊ុនដែលជាសមាជិកទាំងអស់របស់ BNI Cambodia និងមិត្តភ័ក្រ្តទាំងឡាយ មេត្តាចូលរួមឧបត្ថម្ភ និងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឲ្យបានជោគជ័យ ដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពកុមារកម្ពុជាតាមរយៈ បេសកកម្មផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា ដល់កុមារគ្រប់រូបនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រោះមន្ទីរពេទ្យកុមារអង្គរ មិនអាចទុកកុមារណាម្នាក់ចោលដោយមិនព្យាបាលបានឡើយ។
ការចូលរួមព្រឹត្តិការណ៍មានជម្រើសជាច្រើនដូចជា ទី១ ការដើរឡើងភ្នំ ដោយតម្រូវឱ្យចូលរួមវិភាគទាន ចំនួន ១០ដុល្លារ (ទទួលបានអាវយឺត១ និងអាហារសម្រន់) កញ្ចប់ទី២ ការចូលរួមជាបុគ្គល គឺត្រូវបង់ថវិកាចំនួន៨០ ដុល្លារ នៅថ្ងៃកម្មវិធីដើរ ដោយទទួលអាហារពេលល្ងាច និងស្នាក់នៅក្នុងតង់មួយយប់ កញ្ចប់ទី៣ ការចូលរួមជាកញ្ចប់ គឺត្រូវបង់ថវិកាចំនួន១២០ ដុល្លារ ក្នុង១នាក់ ដោយអ្នកចូលរួមជាកញ្ចប់នឹងទទួលបានដូចជា ការធ្វើដំណើរទៅវិញទៅមកភ្នំពេញ-កំពត អាវយឺតអនុស្សាវរីយ៍ អាហារ ៤ពេល អាហារសម្រន់ ទឹកញ៉ាំ ទីកន្លែងស្នាក់នៅ តង់ស្នាក់នៅ និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។
កម្មវិធីទាំងមូលគឺចាប់ផ្តើមចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកំពតនៅ ពេលរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង៥ព្រឹក នៅថ្ងៃទី៧ ខែធ្នូ នៅទីតាំងជើងភ្នំនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ៣១ គីឡូម៉ែត្រ ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមនឹងធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង។
សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង២០ឆ្នាំ។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា។ មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្ត ក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្រ បន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។
ជាមន្ទីរពេទ្យអង្គការត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដើម្បីដំណើរការ មន្ទីរពេទ្យទាំងមូល។ បច្ចុប្បន្ននេះមូលនិធិរបស់មន្ទីរពេទ្យពឹងផ្អែក ៧០% មកពីជំនួយក្រៅប្រទេស និង៣០%មកពីសប្បុរសជនក្នុងស្រុក ដែលទទួលបានពីការធ្វើកម្មវិធីរៃអង្គាសនានា ទទួលបានពីក្រុមហ៊ុនសាជីវកម្មក្នុងប្រទេស និងពីបុគ្គលឯកជនដែលចូលរួមបរិច្ចាគ ទោះថវិកាតិចក្តីច្រើនក្តី។
ឱកាសនេះដែរក្រុមការងាររៀបចំកម្មវិធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភធំគឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំង ខារ៉ាប៉ាវ, ក្រុមហ៊ុនធានារ៉ាបរង Elite Insurance Brokers, ក្រុមហ៊ុន Lorn Darin Page, ក្រុមហ៊ុន Ichitan, ក្រុមហ៊ុន គិរីសួគ៌ ហ្វាម ក៍ដូចជាម្ចាស់ឧបត្ថម្ភទីតាំង THANSUR SOKHA Hotel និង Ganesha Kampot Resort, ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយដូចជា ដំណឹងពលរដ្ធ, អាឡាដាំង, Freshnew, KBN New, Sabay និង AMS ដែលបានចូលរួមជាចំណែកដ៏ធំរបស់កម្មវិធីយើងក្នុងឆ្នាំ2024នេះ។ ពួកយើងសង្ឈឹមថានឹងមានវត្តមានរបស់ម្ចាស់ឧបត្ថម្ភផ្សេងៗបន្ថែមទៀតចូលរួមជាមួយកម្មវិធីយើង ដើម្បីសង្គមជាតិយើង និងកុមារកម្ពុជា។
ទំនាក់ទំនងកម្មវិធីនិងសារព័ត៌មាន៖ លោក៖ អ៊ីវ គឹមសួរ
T: 015 718 888 [email protected]