(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងបើកយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) ដែលជាពានកម្រិតទី២ ប្រចាំតំបន់នារសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះ ដោយត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ីមុនគេ ក្នុងវគ្គជម្រុះពូល B នៅពហុកីឡដ្ឋានជាតិឡាវ (ថ្មី)។

លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត ដោយបានត្រឹមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ បន្ទាប់ពីប្រមូលផ្ដុំហ្វឹកហាត់បាន ១០ថ្ងៃ ដ្បិតកូនក្រុម មានកម្លាំងស្រាប់ បន្ទាប់ពីពួកគេបានបង្ហាញខ្លួនធម្មតាក្នុងការប្រកួតលីគបាល់ទាត់នារីកម្ពុជា នាពេលកន្លងមក។

អតីតកីឡាករជម្រើសជាតិកម្ពុជាដដែល បានបង្ហាញសុទិដ្ឋិនិយមថា «ពួកយើងមកទីនេះដើម្បីយកជ័យជម្នះ ហើយយើងមើលឃើញថា សមត្ថភាពក្រុមទាំងអស់ មិនមានភាពខុសប្លែកគ្នាខ្លាំងនោះទេ។ ដូច្នេះពួកយើងនឹងខិតខំយកលទ្ធផលដ៏ល្អមួយ ជូនប្រទេសរបស់យើង និងអ្នកគាំទ្រផងដែរ»

គួរដឹងថា ដំណាក់កាលនៃការប្រកួត AFF Women’s Championship បច្ចុប្បន្នត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សម្រេចរៀបចំការប្រកួតជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ គឺជាវគ្គជម្រុះ ឬពានរង្វាន់ AFF Women’s Cup ដែលឆ្នាំនេះមានបេក្ខភាព ៦ប្រទេសចូលរួម និងចែកចេញជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល B ជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A មានម្ចាស់ផ្ទះឡាវ សិង្ហបុរី និងទីម័រខាងកើត។

សម្រាប់ដំណាក់កាលជម្រុះនេះដែរ ក្រោយការប្រកួតសន្សំពិន្ទុវគ្គចែកពូល ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវប្រកួតខ្វែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនស្វែងរកក្រុមឈ្នះជួបគ្នាដណ្ដើមជើងឯកសម្រាប់វគ្គជម្រុះ ដំណាក់កាលទី១។ បន្ទាប់មកក្រុមជាប់លេខ១ លេខ២ និងលេខ៣ ក្នុងដំណាក់កាលទី១ នេះ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFF Women’s Championship 2025 ដោយមានបេក្ខភាព ៤ក្រុមទៀត កំពុងឈរចាំ រួមមានក្រុមថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា៕