(ម៉ូនិច)៖ ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ធ្វើបានហែតទ្រីក រួមចំណែកជួយ Bayern Munich យកឈ្នះគូប្រជែង Augsburg ៣ទល់នឹង០ នាយប់មិញនេះ កើនបាន ៥០គ្រាប់ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងរដូវកាលទី២ របស់លោកនៅទីនេះ។

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ រកបាន ១៤គ្រាប់ហើយ ក្នុងចំណោម ១១ប្រកួតរដូវកាលនេះ ជាមួយក្រុមរងជើងឯករដូវកាលមុន។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Allianz Arena ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ៧៥,០០០នាក់នោះដែរ អតីតខ្សែប្រយុទ្ធផ្ទេរមកពីក្លិប Tottenham Hotspur ផ្តើមរកបានគ្រាប់ទី១ បែកពងមាន់នៅទី៦៣ ដោយបាល់ ១១ម៉ែត្រ មុនពេលបន្ថែម ២គ្រាប់ទៀតនៅនាទីចុងម៉ោង។

នេះមានន័យថា Kane បានវ៉ាកំណត់ត្រារបស់ខ្សែប្រយុទ្ធជួរមុខដូចគ្នា Erling Haaland ដែលរកបាន ៥០គ្រាប់ ក្នុងចំណោម ៥០ប្រកួតផងដែរនៅ Bundesliga មុនពេលផ្លាស់ចេញពី Borussia Dortmund ទៅលេងឱ្យ Manchester City ស្របពេលជ័យជម្នះនៅនារាត្រីថ្ងៃសុក្រនោះដែរ បានញាំងឱ្យ Bayern នាំមុខកំពូលតារាងលីគដាច់ ៨ពិន្ទុពីក្រុមលេខ២ RB Leipzig។

ជាមួយគ្នានោះ ក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប៊ែលហ្សិក Vincent Kompany ជាក្រុមតែមួយគត់ ដែលលេងមិនទាន់ចាញ់ក្នុងលីគរដូវកាលនេះ គ្រាដែល Augsburg បានធ្លាក់ទៅលេខ១៣ នៅក្រៅតំបន់កាត់ចោលតែ ៤ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់បាន ១១ប្រកួតដូចគ្នា៕