(ម៉ាឡាកា)៖ ក្រុមកីឡាករវាយកូនបាល់ទឹកក្រូចហូឡង់ បានឡើងទៅឈរចាំមុនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Davis Cup 2024 នៅប្រទេសអេស្ប៉ាញ បន្ទាប់ពីទម្លាក់គូប្រជែងអាល្លឺម៉ង់ពីក្នុងវគ្គ ៤ក្រុមរួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកដំបូងសម្រាប់ហូឡង់បានឈានដល់វគ្គដណ្តើមពាន Davis Cup ដែលត្រូវរង់ចាំរវាងក្រុមឈ្នះអាសូរីអ៉ីតាលី ឬក៏កង់ហ្គូរូអូស្រ្តាលី ដោយត្រូវលេងបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់ថ្ងៃសៅរ៍នេះនៅទីក្រុង Malaga។

កីឡាករជើងខ្លាំង Tallon Griekspoor បានយកឈ្នះ Jan-Lennrd Struff ដោយលទ្ធផល ២-០ សម្រាប់វិញ្ញាសាវាយទោលផ្នែកបុរស ក្នុងការទទួលបានកៅអីមួយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតឥន្រ្ទីដែកអាល្លឺម៉ង់បានអវត្តមានកីឡាករលំដាប់លេខ២ ពិភពលោក Alexander Zverev។

ហូឡង់ ត្រូវរង់ចាំជួបក្រុមការពារតំណែងជើងឯកអ៉ីតាលី ដែលមានវត្តមានកីឡាករលំដាប់លេខ១ ពិភពលោក Jannik Sinner ឬក៏គូប្រជែងអូស្រ្តាលី ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃអាទិត្យស្អែកនេះ បន្ទាប់ពីរារាំងអាល្លឺម៉ង់បានសម្រេច ក្នុងការឡើងទៅផ្តាច់ព្រ័ត្រលើកដំបូង គិតចាប់តាំងពីពួកគេបានឈ្នះពាន Davis Cup លើកចុងក្រោយឆ្នាំ១៩៩៣៕