(បរទេស)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង​ Hyundai Motor កំពុងប្រមូលរថយន្តអគ្គិសនីប្រហែល ១៤៥,២៣៥គ្រឿងនៅលើទឹកដីអាមេរិក ដោយសារ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​អាច​នាំ​ឱ្យ​បាត់បង់​ថាមពល​បើកបរ។។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រមូលត្រឡប់ទៅវិញនេះ ឃើញថាប៉ះពាល់ដល់ម៉ូដែលរថយន្តអគ្គិសនីមួយចំនួនរួមមាន IONIQ 5, IONIQ 6 និងប្រភេទប្រណីតៗដូចជា Genesis GV60, GV70 និង G80 ដែលផលិតនៅចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥។

ទាក់ទិននឹងបញ្ហានេះ និយតករសុវត្ថិភាពស្វ័យប្រវត្តិរបស់សហរដ្ឋអាមេរិកបានរកឃើញថា អង្គភាពត្រួតពិនិត្យការបញ្ចូលថ្មរួមបញ្ចូលគ្នា (ICCU) នៅក្នុងរថយន្តអគ្គិសនី Hyundai និង Genesis មួយចំនួនអាចនឹងខូចក្នុងអំឡុងពេលណាមួយ។ ខណៈដែលវានឹងប៉ះពាល់ខ្លំាងដល់អាគុយរថយន្តអគ្គិសនីកម្លាំង ១២វ៉ុល នៅពេលបញ្ចូលថ្មអាចនឹងបញ្ឈប់ដោយស្វ័យប្រវត្តិ ឬបណ្តាលឱ្យអាគុយនោះខូចបញ្ចូលថ្មលែងចូលតែម្តង។

គួរជម្រាបថា ការប្រមូលត្រឡប់ទៅវិញនេះអតិថិជនអាមេរិកទាំងអស់មិនតម្រូវឱ្យបង់ប្រាក់នោះទេ ពោលគឺ Hyundai និងទទួលខុសត្រូវត្រួតពិនិត្យលើបញ្ហាកើតឡើង ព្រមទាំងធ្វើបច្ចុប្បន្នភាពកម្មវិធីលើផ្នែកដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃ នេះបើតាមការបញ្ជាក់ពីនិយតករសុវត្ថិភាពស្វ័យប្រវត្តិរបស់សហរដ្ឋអាមេរិក៕