(ភ្នំពេញ)៖ ស្របពេលព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពនយោបាយ និងសន្តិភាព មានជនបរទេសចម្រុះជាតិសាសន៍ជាច្រើនបានមករស់នៅ ធ្វើទេសចរណ៍ និងធ្វើសកម្មភាពពាណិជ្ជកម្មជាដើម ដែលបានជួយជំរុញដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងស្រុក។ សកម្មភាពការងារប្រចាំថ្ងៃរបស់ជនបរទេសទាំងនោះ អាចនឹងកើតមានវិវាទដោយប្រការណាមួយ ឬ បង្កជាបទល្មើសព្រហ្មទណ្ឌ ហើយភាគីក្នុងសំណុំរឿងព្រហ្មទណ្ឌដែលជាជនបរទេស តម្រូវឱ្យមានអ្នកបកប្រែជាខេមរភាសា ប៉ុន្តែប្រសិនបើអ្នកបកប្រែទទួលយកសំណូកដើម្បីក្លែងខ្លឹមសារនៃភាសា ឬឯកសារបកប្រែ នោះអ្នកបកប្រែនឹងត្រូវផ្តន្ទាទោសចំពោះអំពើរបស់ខ្លួន។
តើអំពី «បទស៊ីសំណូករបស់អ្នកបកប្រែ» មានទោសកម្រិតណា?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។
ការបកប្រែ សំដៅដល់ការប្រែ ឬសម្រួលន័យសេចក្ដីពីភាសាមួយទៅភាសាមួយទៀត។ ជាគោលការណ៍មុននឹងអ្នកបកប្រែ អាចមកធ្វើការបកប្រែនៅក្នុងនីតិវិធីតុលាការបាន តម្រូវឱ្យធ្វើសម្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថា ខ្លួននឹងជួយដល់តុលាការ និងបកប្រែឱ្យបានត្រឹមត្រូវតាមចម្លើយទាំងឡាយ។ បន្ថែមពីនេះក្នុងករណីណាក៏ដោយ អ្នកបកប្រែមិនអាចត្រូវបានជ្រើសរើសក្នុងចំណោម ចៅក្រម ក្រឡាបញ្ជី នគរបាលកងរាជអាវុធហត្ថ ភាគី ឬសាក្សីទេ។
ហេតុនេះ ប្រសិនបើអ្នកបកប្រែយល់ព្រមទទួលយកសំណូក ដើម្បីធ្វើការបកប្រែភាសាមួយឱ្យខុសពីអត្ថន័យដើមនៃភាសាមួយទៀត មិនថាជាការបកប្រែដោយផ្ទាល់មាត់ក្ដី តាមរយៈឯកសារក្ដី ដែលនាំឱ្យមានការអន្តរាយដល់ផលប្រយោជន៍របស់បុគ្គលម្ខាងទៀតនឹងត្រូវផ្ដនា្ទទោសតាមបញ្ញត្តិមាត្រា៥៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ ដែលបានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ អំពើរបស់ អ្នកបកប្រែដែលទទូចសុំ ឬយល់ព្រមទទួលដោយផ្ទាល់ ឬដោយប្រយោលនូវ អំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីក្លែងខ្លឹមសារនៃភាសា ឬឯកសារដែលបកប្រែ។ លើសពីនេះ បុគ្គលដែលប្រព្រឹត្តអំពើសូកប៉ាន់អ្នកបកប្រែក៏ត្រូវមានទោសស្មើនឹងអ្នកទទួលសំណូកផងដែរ ។
សរុបមក ការបកប្រែមានសារៈសំខាន់ណាស់ដើម្បីឱ្យរឿងក្តីមួយដំណើរការទៅដោយរលូន ប៉ុន្ដែក្នុងករណីដែលអ្នកបកប្រែទទួលសំណូកដើម្បីក្លែងខ្លឹមសារនៃការបកប្រែពីភាសាមួយទៅភាសាមួយទៀត ដែលធ្វើឱ្យតុលាការមិនអាចស្វែងរកនូវការពិត នោះនឹងត្រូវទទួលការផ្ដន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌដូចមានរៀបរាប់ខាងលើ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕