(ឡុងដ៍)៖ ហង្សក្រហម Liverpool កំពុងនាំមុខកំពូលតារាង Premier League ដាច់ ៨ពិន្ទុគិតត្រឹមសប្តាហ៍ទី១២ ជើងទី១ តាមរយៈយកបាន ៣ពិន្ទុក្នុងផ្ទះរបស់ Southampton ដោយលទ្ធផល ៣-២ នារាត្រីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធស្នូល Mohamed Salah បានរួមចំណែករកបាន ២គ្រាប់ម្នាក់ឯង ដែលជាគ្រាប់បាល់វាយបក បន្ទាប់ពីម្ចាស់ផ្ទះ Southampton នាំមុខ ២-១ គិតត្រឹមនាទី៥៦ នៅឯកីឡដ្ឋាន St. Mary’s ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់ផងដែរ។
Liverpool អតីតជើងឯកលីគ Premier League ឆ្នាំ២០២០ មុនពេល Manchester City ឈ្នះ ៤រដូវកាលជាប់ៗគ្នាដល់បច្ចុប្បន្ននេះ នឹងមានពិន្ទុសរុបកើនដល់ ៣៤ពិន្ទុ ប្រសិនបើអាចយកឈ្នះក្រុមលេខ២ Man City ចុងសប្តាហ៍នេះទៀត នៅពេលក្រុមបាតតារាង Southampton បានក្លាយជាក្រុមទី៨ ក្នុងប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស ដែលលេងចាញ់ ១០លើក ក្នុងចំណោម ១២ប្រកួត។
ប្រសិនបើនៅតែបែបនេះទៀត ពួកគេនឹងត្រូវប្រឈមកាត់ទៅលេងក្នុងក្របខណ្ឌទី២ Championship មុនគេ ដ្បិតកន្លងមកទាំង ៧ក្រុមនោះ ជៀសមិនផុតពីការធ្លាក់ចេញពី Premier League ឡើយ៕