(បរទេស)៖ ស្ថាប័នប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌា (CCI) បានបដិសេធសំណើពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក្នុងការផ្អាករបាយការណ៍ស៊ើបអង្កេតដែលបានរកឃើញថាក្រុមហ៊ុននេះបំពានច្បាប់ប្រកួតប្រជែង។ CCI បានចាត់ទុកការអង្វររបស់ Apple «មិនអាចទទួលយកបាន» ហើយអនុញ្ញាតឱ្យការស៊ើបអង្កេតបន្តដោយគ្មានការរំខាន។ នេះបើយោងតាមបទបញ្ជាផ្ទៃក្នុងពីនិយតករដែលឃើញដោយ Reuters និងត្រូវបានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០២១ មកម្លេះដោយផ្តោតលើការចោទប្រកាន់ថា Apple បានរំលោភលើទីតាំងលេចធ្លោររបស់ខ្លួននៅក្នុងទីផ្សារសម្រាប់ហាងកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន ដើម្បីរារាំងអ្នកបង្កើតកម្មវិធី (developer) អ្នកប្រើប្រាស់ និងដំណើរការទូទាត់ផ្សេងទៀត។ ទាក់ទិននឹងសំណើរសុំផ្អាករបាយការណ៍របស់ Apple ធ្វើឡើងបន្ទាប់ពីមានការអះអាងពីមុនថា CCI បានលេចធ្លាយព័ត៌មានសម្ងាត់ដល់ដៃគូប្រកួតប្រជែងរួមទាំង Match Group ដែលជាក្រុមហ៊ុនមេរបស់ Tinder ពីព័ត៌មានលម្អិតអំពីចំណូលហាងកម្មវិធី និងចំណែកទីផ្សារ។

យ៉ាងណាកាលពីខែសីហាកន្លងទៅ គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) ធ្លាប់បានបញ្ជាឱ្យប្រមូលឯកសារស៊ើបអង្កេតមុនៗឡើងវិញ បន្ទាប់ពី Apple បានលើកឡើងពីការព្រួយបារម្ភអំពីការលាតត្រដាងដែលមិនមានការអនុញ្ញាត។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីពិនិត្យស្ថានភាពរួច CCI បានសន្និដ្ឋានថា មិនមានហេតុផលសម្រាប់ការផ្អាករបាយការណ៍ ឬបញ្ឈប់ដំណើរការស៊ើបអង្កេតនោះទេ។

លើសពីនេះ Apple ត្រូវបានគេណែនាំអោយដាក់របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ឆ្នាំសារពើពន្ធ ២០២១-២២, ២០២២-២៣ និង ២០២៣-២៤ សម្រាប់ការពិន័យហិរញ្ញវត្ថុដែលអាចកើតមានទាក់ទងនឹងការអនុវត្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា៕