(ភ្នំពេញ)៖ ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ (The 2nd Pétanque Asian Championships 2024) នៅឆាយនីសតៃប៉ិ។
ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជាមួយអត្តពលិកមកពីបណ្ដាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ខណៈជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៥គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១។
សម្រាប់មេដាយមាស គឺដណ្ដើមបានដោយកីឡាករ សុខ ចាន់មាន លើវិញ្ញាសាឯកត្តជនបុរស និង ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ ដោយកីឡាករ សុខ ចាន់មាន និងសិស្សប្អូន ពុធយ៉ុន ច័ន្ទដារ៉ា។ រីឯមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសាចម្រុះបុរស-នារី ២នាក់ទល់ ២នាក់ ដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនី ធា សម្ផស្ស។
ដោយឡែកមេដាយសំរឹទ្ធទាំង ២គ្រឿងវិញ ដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាឯកត្តជននារី និងលើវិញ្ញាសានារី ១នាក់ ទល់ ២នាក់ ដោយកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី ធា សម្ផស្ស៕