(បរទេស)៖ យោងតាមទិន្នន័យពី Canalys បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនទូទាំងទ្វីបអាហ្វ្រិកសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានការកើនឡើងខ្ទង់ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការនាំចេញសរុបចំនួន ១៨.៤លានគ្រឿង។ ចំនួននេះមានការកើនឡើងតិចតួចប៉ុណ្ណោះបើធៀបនឹងទីផ្សារផ្សេង ប៉ុន្តែវាបង្ហាញពីជោគជ័យមួយ ស្របពេលដែលសេដ្ឋកិច្ចក្នុងទ្វីបនេះកំពុងស្រពិចស្រពិល។​ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

Canalys បានបង្ហាញថា ប្រទេសអេហ្សីបបានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងកំណើនទីផ្សារប្រមាណ ៣៤ភាគរយដែលត្រូវបានជម្រុញដោយសមត្ថភាពផលិតកម្មក្នុងស្រុកដ៏រឹងមាំ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ផ្ទុយទៅវិញ ប្រទេសនីហ្សេរីយ៉ា ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក បានកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះ ខណៈការជាប់គាំងនេះត្រូវបានគេសន្មតថាភាគច្រើនដោយសារតែការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ឌ Naira (រូបិយប័ណ្ឌនីហ្សេរីយ៉ា) ប្រមាណជិត ៧០ភាគរយ ចាប់តាំងពីខែមករា ដល់ខែកញ្ញា។ ដោយឡែក ទីផ្សារស្មាតហ្វូនអាហ្វ្រិកខាងត្បូង និងកេនយ៉ា ក៏បានប្រឈមនឹងការធ្លាក់ចុះខ្ទង់ ១០ភាគរយផងដែរ ខណៈប្រទេសម៉ារ៉ុករងការធ្លាក់ចុះច្រើនជាងគេដល់ខ្ទង់ ២៤ភាគរយឯណោះ។

គួរជម្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន TRANSSION ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនដែលនាំចេញស្មាតហ្វូនបានច្រើនជាងគេបំផុតចំនួន​ ៩.៣លានគ្រឿង និងកាន់កាប់ចំណែកទីផ្សារ ៥០ភាគរយ។ Samsung ជាប់លេខ២ កាន់កាប់ទីផ្សារ ១៨ភាគរយ, Xiaomi ជាប់លេខ៣ កាន់កាប់ទីផ្សារ ១២ភាគរយ, Realme ជាប់លេខ៤ កាន់កាប់ទីផ្សារ ៦ភាគរយ, OPPO ជាប់លេខ៥ កាន់កាប់ទីផ្សារ ៥ភាគរយ​ និងក្រុមហ៊ុនផ្សេងទៀតសរុបមានចំណែកទីផ្សារប្រហែល ៩ភាគរយ៕