(ភ្នំពេញ)៖ សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូច និងមធ្យម និងទីផ្សារ ដើម្បីសម្រេចគោលដៅពង្រីកលទ្ធភាព ចូលទៅកាន់ទីផ្សារ សម្រាប់ផលិតផលកម្ពុជា ដោយក្នុងនោះនឹងបោះជំហានចូលក្នុងផ្សារទំនើប និងបណ្ដាញចែកចាយធំៗផងដែរ។

វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាស សម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។

វាទិកានេះបាននាំយកសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ផលិតផលមកជួបជុំគ្នា ដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ពួកគេ អាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។

កម្មវិធីនេះមានការចូលរួមពីវិស័យសាធារណៈ និងឯកជន រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែកចាយផលិតផល LSH, តំណាងសមាគមអ្នកផលិត ចំណីអាហារកម្ពុជា និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត។

ក្នុងឱកាសនោះក៏មានការចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិតផលកសិកម្ម និងនេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេសកូរ៉េផងដែរ។

អនុស្សារណៈនេះជាលទ្ធផលនៃ កម្មវិធីផ្សព្វផ្សាយផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ៕