(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior នឹងអវត្តមានពីជំនួប Real Madrid ជួបម្ចាស់ផ្ទះហង្សក្រហម Liverpool ស្អែកនេះ ក្នុងកម្មវិធី UEFA Champions League ដោយសារតែបញ្ហារបួសសរសៃពួរ។

Vinicius ដែលត្រឹមរងជើងឯកពានឯកត្តជន Bollon d’Or បានជួបបញ្ហារបួសសរសៃពួរ នៅអំឡុងពេលលេងពេញម៉ោង រួមចំណែកជួយអធិរាជស Real Madrid បំបាក់ម្ចាស់ផ្ទះ Leganes ៣-០ កាលពីរាត្រីថ្ងៃអាទិត្យក្នុងលីគ La Liga ដែលប្រឈមទៅមុខនឹងអវត្តមានចាប់ពី ៣ទៅ៤សប្តាហ៍ផងដែរ។

ម្ចាស់ជើងឯក UCL រដូវកាលមុន Real Madrid មានសមាជិកតែ ១៩នាក់ប៉ុណ្ណោះ ក្នុងការតតាំងនៅ Anfield ប្រទេសអង់គ្លេសនៅរាត្រីថ្ងៃពុធ ក្នុងប្រកួតទី៥ ជើងទី១ ដ្បិតពួកគេបានកំពុងឈរនៅលេខរៀងទី១៨ បណ្តោះអាសន្ន ក្នុងចំណោម ៣៦ក្រុមរូបមន្តថ្មីនៃរដូវកាលឆ្នាំ២០២៤-២០២៥។

ទន្ទឹមគ្នានោះ ក្រុមរបស់លោក Arne Slot ក៏ទំនងអវត្តមានខ្សែការពារ Trent-Alexander-Arnold ដោយសាររបួស ក្នុងការស្វាគមន៍ជើងឯក UCL ១៥សម័យកាលមកពីអេស្ប៉ាញដែរ៕