(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សង្ឃឹមការចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នឹងមានភាពងាយស្រួលជាងការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានជ្រួតជ្រាបច្រើនអំពីគុណតម្លៃនៃកីឡា។

ការបង្ហាញសុទិដ្ឋិនិយមនេះ ស្របពេល NOCC បានរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃនៃកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅវិទ្យាល័យបាក់ទូក នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញ ដែលរៀបចំឡើងក្រោមប្រធានបទ «OVEP’s Learn and Play ឬ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀន និងលេង» ដែលជាប្រធានបទដើរស្របគ្នារវាងការសិក្សាអំពីគុណតម្លៃអូឡាំពិក ផ្សាភ្ជាប់ជាមួយសកម្មភាពកីឡា និងការបង្ហាញនូវសាមគ្គីភាព នៃការលេងកីឡាជាដើម។

ទន្ទឹមជាមួយការផ្សព្វផ្សាយអំពីប្រវត្តិ និងទស្សនវិជ្ជានេះ ឆ្នាំនេះ NOCC ក៏បានចាប់ផ្ដើមនូវយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងគាំទ្រការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកាលពីពេលថ្មីៗ ដ្បិតកន្លងមកកំឡុងកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកនេះ ក៏មានក្នុងការផ្សព្វផ្សាយយុទ្ធនាការ កម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យផងដែរ។

ជុំវិញការចាប់ផ្ដើមយុទ្ធនាការថ្មីនេះ លោក ប៊ុយ សុភ័ណ្ឌ មានសុទិដ្ឋិនិយមថា «បើយើងប្រៀបធៀបអំពីសកម្មភាពនៃការផ្សព្វផ្សាយ រវាងកម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និង កម្ពុជាឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ យើងគិតថា សម្រាប់កម្ពុជាឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ មានលក្ខណៈងាយស្រួងជាងក្នុងការផ្សព្វផ្សាយ ដោយសារបន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺមានមហាជន ក៏ដូចជាសិស្សានុសិស្ស និងយុវជន បានទទួលនូវព័ត៌មាន និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពោលគឺពួកគាត់បានជ្រូតជ្រាបច្រើនអំពីគុណតម្លៃនៃកីឡា ក៏ដូចជាគុណតម្លៃនៃអូឡាំពិក»

«អ្វីដែលយើងសង្កេតឃើញ ពាក់ព័ន្ធនឹងការចូលរួមសកម្មភាពកីឡា ជាក់ស្ដែងមានសិស្សានុសិស្ស យុវជន និងមហាជនទាំងអស់ គាត់បានចូលរួមលេងកីឡាបានច្រើនជាង បើយើងធៀបមុនឆ្នាំ២០២៣។ ដូច្នេះយើងសង្ឃឹមជឿជាក់ថា សម្រាប់កម្មវិធីអប់រំ និងនិងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ក៏ដូចជាកម្ពុជាឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ យើងនឹងរៀបចំបានកាន់តែទូលំទូលាយ ក៏ដូចជាកាន់តែផុសផុលបន្ថែមទៀត ដែលយើងផ្ដោតសំខាន់ គឺរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការជំរុញការផ្សព្វផ្សាយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត របស់ពួកគាត់។ ដូច្នេះយើងសង្ឃឹមថា យើងនឹងបន្ដយុទ្ធនាការនេះជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៩»

គួរដឹងថា កម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ដែលរៀបចំដោយ NOCC ឆ្នាំនេះ គ្រោងនឹងរៀបចំចំនួន ១០សាលា នៅតាមរាជធានី-ខេត្តមួយចំនួន ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញចំនួន ៤សាលា មុនបន្ដសកម្មភាពទៅតាមបណ្ដាខេត្ដ ដូចជាខេត្តកំពត និងខេត្តកែបជាដើម៕