(បរទេស)៖ កីឡាករប្រដាល់សកល Chris Billam-Smith ដែលពុំទាន់ពិចារណារឿងចូលនិវត្តន៍នោះបានឱ្យដឹងថា ការវិលត្រឡប់មកកាន់សង្វៀនលើកនេះ នឹងខ្លាំងជាងមុនមិនខានឡើយ និងអាចឈានដល់កម្រិតពិភពលោកថែមទៀតផង។

នេះជាការលេចមុខលើកដំបូងរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ គិតចាប់តាំងពីប្រកួតចាញ់ពិន្ទុគូប្រជែង Ramirez ដែលបានដាក់ខ្សែក្រវាត់ WBO នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នេះក៏ជាការបរាជ័យលើកទី២ ផងដែរសម្រាប់ Smith ក្នុងអាជីពប្រដាល់ដែលបានកើតនៅ Bournemouth ក្រោយពេលស្គាល់រសជាតិចាញ់លើកដំបូងកាលឆ្នាំ២០១៩ ក្រោមស្នាដៃរបស់កីឡាករ Richard Riakporhe មុនពេលចាញ់ពិន្ទុកីឡាករមិចស៊ិកដោយឯកច្ឆន្ទ ១១៦-១១២ ១១៦-១១២ និង ១១៦-១១៣ នៅអារ៉ាប៊ីសាអូឌីតនោះ។

បុរសវ័យ ៣៤ឆ្នាំ Smith បានថ្លែងប្រាប់ BBC Sport ថា «នៅចាំបានថា ខ្ញុំបានវាយយ៉ាងសន្ធាប់ទៅលើ Ramirez ដ្បិតលោកមិនបានឆ្លើយតបភ្លាមៗនោះទេ រង់ចាំដល់ ៥វិនាទីចុងទឹកឯណោះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន និងបានរៀនសូត្របន្ថែមផងដែរនូវចំណុចទាំងនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសសងសឹកគាត់ និងធ្វើឱ្យគាត់ឈឺចាប់វិញម្តង»

សូមរំលឹកផងថា Smith ធ្លាប់បានគ្រប់គ្រងខ្សែក្រវាត់ពិភពលោក WBC រយៈពេល ១ឆ្នាំកន្លះផងដែរ និងទើបតែបានបាត់បង់ខ្សែក្រវាត់ WBO ថែមទៀត ដែលកន្លងមករូបគេធ្លាប់កាន់កាប់ខ្សែក្រវាត់នៅកម្មវិធី Commonwealth និងជើងឯកប្រចាំទ្វីបអឺរ៉ុបថែមទៀតផង៕