(ភ្នំពេញ)៖ វេជ្ជបណ្ឌិតនៅផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យ FV ទើបតែបានវះកាត់ដោយជោគជ័យលើស្ត្រីមានផ្ទៃពោះម្នាក់ដែលមានដុំសាច់ក្នុងស្បូនទម្ងន់៨ គីឡូក្រាម​ ដោយទារកដែលនៅក្នុងស្បូនជាមួយនិងដុំសាច់នៅក្នុងផ្ទៃម្តាយបានកើតមកមានសុខភាពល្អ​ ខណៈសុខភាពស្ត្រីជាម្តាយក៏មានសុវត្ថិភាព​ និងបានចេញពីមន្ទីរពេទ្យភ្លាមទាំង «ម្តាយកូនបានសុខសប្បាយ»

​​លោកវេជ្ជបណ្ឌិត Vo Trieu Dat ​ ប្រធានផ្នែកសម្ភព និងរោគស្ត្រី មន្ទីរពេទ្យ FV បាននិយាយថា នេះគឺជាករណីកម្រ និងការវះកាត់ដ៏ស្មុគស្មាញមួយ នៅពេលដែលស្ត្រីមានផ្ទៃពោះមានដុំសាច់ធំនៅស្បូន ហើយដែលស្ថិតក្នុងសភាពទន់ខ្សោយ។ ក្រុមគ្រូពេទ្យឯកទេសខាងសម្ភពនៃមន្ទីរពេទ្យ FV និងក្រុមគ្រូពេទ្យថ្នាំសណ្តំ បានតាមដានអ្នកជំងឺយ៉ាងល្អិតល្អន់តាំងពីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ រៀបចំផែនការថែទាំគភ៌ និងការវះកាត់ និងព្យាបាលដុំសាច់របស់អ្នកជំងឺ។

​កាលពីខែមេសា ឆ្នាំ២០២៣ លោកស្រី B.S. មានអាយុ៣៧ ឆ្នាំជនជាតិខ្មែរ​ បានមកមន្ទីរពេទ្យ FV ដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យលទ្ធផលបង្ហាញថាមានដុំសាច់ក្នុងស្បូន។ វេជ្ជបណ្ឌិត Vo Trieu Dat បានរកឃើញថា អ្នកជំងឺមានដុំសាច់ក្នុងស្បូន ដុំសាច់ធំណាស់ នៅចំណុច​ខាងលើផ្ចិត ប៉ាន់ស្មានថាមានទម្ងន់ជាង២ គីឡូក្រាម។ នាងត្រូវបានចេញវេជ្ជបញ្ជាឱ្យវះកាត់យកស្បូន និងដុំសាច់ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារផលវិបាកដែលបណ្តាលមកពីដុំសាច់ស្បូនធំនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺស្ទាក់ស្ទើរក្នុងការទទួលការព្យាបាល ហើយបានត្រឡប់មកកម្ពុជាវិញដោយហេតុផលថារវល់នឹងការងារ។

នៅខែមិថុនាឆ្នាំ ២០២៣ អ្នកស្រី B.S. បានត្រឡប់ទៅមន្ទីរពេទ្យ FV ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដោយមានការឈឺពោះធ្ងន់ធ្ងរ។ គ្រូពេទ្យមានការភ្ញាក់ផ្អើលនៅពេលនេះនាងមានផ្ទៃពោះប្រហែល ៨ សប្តាហ៍ហើយ។ ដោយវិនិច្ឆ័យថាការឈឺពោះនេះជាផលវិបាកដែលបង្កឡើងដោយដុំសាច់ស្បូន វេជ្ជបណ្ឌិត Dat ត្រូវបង្ខំចិត្តបញ្ចប់ការមានផ្ទៃពោះ និងណែនាំនាងឱ្យរៀបចំត្រៀមខ្លួន និងថែសុខភាពដើម្បីអាចធ្វើការវះកាត់ដើម្បីព្យាបាលដុំសាច់ស្បូនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែម្តងទៀត ក្រុមគ្រូពេទ្យមិនបានឃើញនាងត្រឡប់មកវិញទេ។

រហូតដល់ខែមេសា ឆ្នាំ ២០២៤ ពេលដែលអ្នកជំងឺត្រឡប់ទៅមន្ទីរពេទ្យ FV ដើម្បីពិនិត្យឡើងវិញ ហើយគ្រូពេទ្យក៏ភ្ញាក់ផ្អើលម្តងទៀតនៅពេលដែលនាងមានផ្ទៃពោះជាលើកទីពីរ។ លោកបន្តថា «ក្រុមគ្រូពេទ្យរបស់យើងមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះអ្នកជំងឺនៅតែបន្តមានផ្ទៃពោះ ខណៈពេលដែលដុំសាច់កាន់តែធំឡើងជាលំដាប់។ ​ ជាសំណាងល្អ ការមានគភ៌លើកនេះមានការលូតលាស់ល្អ អ្នកជំងឺមិនមានការឈឺពោះ ក្អួត ឬធ្លាក់ឈាមឡើយ»

វេជ្ជបណ្ឌិត ដាត ធ្វើការវិភាគជូនអ្នកជំងឺនូវហានិភ័យ និងផលវិបាកដែលមិនអាចទាយទុកជាមុនបាននៃការមានផ្ទៃពោះដែលមានដុំសាច់ស្បូនធំ។ ស្បូនដែលមានទារកផង និងដុំសាច់ដែលលូតលាស់ឥតឈប់ឈរផង បង្កសម្ពាធលើសរីរាង្គនៅជុំវិញដុំសាច់ និងមានការធ្លាក់ឈាម ធ្វើឱ្យឈឺពោះធ្ងន់ធ្ងរ ដែលជាហានិភ័យដល់អាយុជីវិតទារក និងម្តាយគ្រប់ពេលបានទាំងអស់។

បន្ទាប់ពីបានស្តាប់ដំបូន្មានរបស់លោកវេជ្ជបណ្ឌិត ដាត អ្នកស្រី B.S បានបង្ហាញពីបំណងចង់រក្សាទុកកូន ដោយទទួលយកហានិភ័យដែលអាចកើតមានចំពោះនាង។ បំណងប្រាថ្នាចង់ក្លាយជាម្តាយបានធ្វើឱ្យនាងស្ទាក់ស្ទើរក្នុងការព្យាបាលការវះកាត់យកចេញដុំសាច់តាមវេជ្ជបញ្ជា។

ប្រឈមមុខនឹងការសម្រេចចិត្តដ៏ក្លាហានរបស់អ្នកជំងឺ ​ដែលហ៊ានប្រថុយជីវិតរបស់នាងដើម្បីមានឱកាសក្លាយជាម្តាយ ​វេជ្ជបណ្ឌិត ដាត និងក្រុមពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យ FV បានសម្រេចចិត្តរៀបចំផែនការ ដើម្បីអមដំណើរជាមួយអ្នកជំងឺពេញមួយអំឡុងពេលនៃការមានផ្ទៃពោះនេះ។

​សុខភាពរបស់លោកស្រី B.S ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយក្រុមគ្រូពេទ្យសម្ភពរបស់មន្ទីរពេទ្យ FV ។ នាងក៏ត្រូវបានគេណែនាំអំពីរបបអាហារូបត្ថម្ភសមស្រប ដើម្បីធានាដល់ការវិវឌ្ឍន៍គភ៌មានស្ថិរភាព។ លោកវេជ្ជបណ្ឌិត ដាត បាននិយាយថា «ក្នុងនាមជាគ្រូពេទ្យឯកទេសខាងសម្ភព និងជាវេជ្ជបណ្ឌិតព្យាបាលដុំសាច់ក្នុងស្បូន ខ្ញុំមានការភ័យ និងព្រួយបារម្ភយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ចាប់តាំងពីខ្ញុំដឹងថាអ្នកជំងឺមានផ្ទៃពោះ»

នៅពេលគភ៌កាន់តែធំ ដុំសាច់ក៏កាន់តែធំដែលធ្វើឱ្យស្ត្រីមានគភ៌ញ៉ាំអាហារមិនសូវបាន គេងមិនលក់ និងសុខភាពក៏ខ្សោយផង ។ ទោះបីជានាងមានផ្ទៃពោះ តែនាងមានទម្ងន់ត្រឹមតែជាង ៤០ គីឡូក្រាមប៉ុណ្ណោះ។ ក្រុមវេជ្ជសាស្រ្ដរបស់ FV តែងតែនៅក្បែរនាង ដើម្បីលើកទឹកចិត្ត និងផ្ដល់កំលាំងចិត្តអ្នកជំងឺឱ្យព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីចិញ្ចឹមទារកក្នុងផ្ទៃ ដើម្បីឱ្យទារកក្នុងផ្ទៃនៅតែធានាបាននូវសុវត្ថិភាព ព្រមទាំងទម្ងន់ និងអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារកក្នុងផ្ទៃ។