(បរទេស)៖ Nvidia នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញគំរូបញ្ញាសិប្បនិមិត្តថ្មី មានសមត្ថភាពបង្កើតតន្ត្រី និងសំឡេង ដែលអាចកែប្រែសំឡេងធម្មតាទៅជាសំឡេងបែបប្រលោមលោក ខណៈការបង្កើតបច្ចេកវិទ្យានេះឡើង គឺផ្តោតលើការជួយសម្រួលការងារដល់អ្នកផលិតតន្ត្រី ភាពយន្ត និងវីដេអូហ្គេម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

Nvidia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប និងសូហ្វវែរដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ខ្លួនមិនមានគម្រោងភ្លាមៗក្នុងការចេញផ្សាយបច្ចេកវិទ្យានេះជាសាធារណៈនោះទេ ដែលវាមានឈ្មោហថា Fugatto។ បច្ចេកវិទ្យានេះ គឺមានការចូលរួមជាមួយបច្ចេកវិទ្យាពីក្រុមហ៊ុនផ្សេងទៀតដូចជា Runway និង Meta Platforms ដែលអាចបង្កើតសំឡេង ឬវីដេអូបានតាមរយៈការបញ្ចូលអត្ថបទ។ អ្វីដែលធ្វើឱ្យវាខុសពីបច្ចេកវិទ្យា AI ផ្សេងទៀត គឺសមត្ថភាពក្នុងការបញ្ចូល និងកែប្រែសំឡេងដែលមានស្រាប់ ឧទាហរណ៍ដោយយកខ្សែដែលលេងនៅលើព្យាណូ ហើយបំប្លែងវាទៅជាខ្សែដែលច្រៀងដោយសំឡេងមនុស្ស ឬដោយការថតសំឡេងនិយាយជាដើម។

លោក Bryan Catanzaro អនុប្រធាននៃការអនុវត្តការស្រាវជ្រាវការសិក្សាជ្រៅនៅ Nvidia បាននិយាយថា «ប្រសិនបើយើងគិតអំពីសម្លេងសំយោគកាលពី ៥០ឆ្នាំមុន តន្ត្រីស្តាប់ទៅខុសពីពេលនេះ ដោយសារតែកុំព្យូទ័រ ដោយសារតែឧបករណ៍សំយោគ។ ខ្ញុំគិតថា AI ជំនាន់ថ្មី នឹងនាំមកនូវសមត្ថភាពថ្មីដល់តន្ត្រី ហ្គេមវីដេអូ និងមនុស្សសាមញ្ញដែលចង់បង្កើតអ្វីៗ»

គួរជម្រាបថា ជុំវិញបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុន OpenAI កំពុងចរចាជាមួយស្ទូឌីយ៉ូហូលីវូដអំពីថាតើ AI អាចត្រូវបានប្រើនៅក្នុងឧស្សាហកម្មកម្សាន្តដែរឬទេ ខណៈទំនាក់ទំនងរវាងបច្ចេកវិទ្យានិងហូលីវូដកាន់តែតានតឹង ជាពិសេសបន្ទាប់ពីតារាហូលីវូដ Scarlett Johansson បានចោទប្រកាន់ OpenAI ថាធ្វើត្រាប់តាមសំឡេងរបស់នាង៕