(ភ្នំពេញ)៖ ថ្មីៗនេះសាកលវិទ្យាល័យវេស្ទើន បានរៀបចំការប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលកម្មវិធិប្រឡងនេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំក្រោយការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុបទី១២) រួច ដែលឱកាសនេះជាពេលវេលាមួយដែលប្អូនៗ ទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ត្រូវបន្តចូលថ្នាក់ឧត្តមសិក្សា ហើយត្រូវជ្រើសរើសជំនាញអាជីពមួយបន្តការសិក្សាសម្រាប់រកឱកាសការងារក្រោយពេលបញ្ចប់។
តាមរយៈការប្រឡងនេះ សាកលវិទ្យាល័យវេស្ទើន បានបើកទទួលពាក្យស្នើសុំចូលប្រឡងប្រមាណជាង១,៤០០នាក់ ដែលក្នុងនោះបេក្ខជនប្រឡងនៅទីតាំងទួលគោកមានជាង១,០០០នាក់ និងទីតាំងស្ទឹងមានជ័យ មានបេក្ខជន ជាង៤០០នាក់។ ក្នងនោះ បេក្ខជនបានដាក់ពាក្យប្រឡងលើ១៨មុខជំនាញសំខាន់ៗ ដែលសាកលវិទ្យាល័យវេស្ទើន កំពុងបណ្តុះបណ្តាល និងមានបទពិសោធន៍ចាស់វស្សាក្នុងការបណ្តុះមូលធានមនុស្សជាង២០ឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡងអាហារូបករណ៍ជារៀងរាល់ឆ្នាំនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន ដែលឈរលើគោលការណ៍ សិស្សកាន់តែពូកែ បង់ប្រាក់កាន់តែតិច ហេតុដូចនេះហើយទើបសាកលវិទ្យាល័យវេស្ទើន បានរៀបចំឲ្យមានការផ្តល់ជូនអាហារូបករណ៍ជូនសិស្សទាំងអស់ដែលបានដាក់ពាក្យប្រឡងអាហារូបករណ៍នេះ។
ជាពិសេស ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យវេស្ទើន បានអនុវត្តនូវពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ អ្នកចេះ គឺជាប់ នេះបង្ហាញថា អាហារូបករណ៍ដែលបេក្ខជន ទទួលបាន គឺសុទ្ធតែចេញពីការខិតខំ ប្រឹងប្រែងរៀនសូត្រ និងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ៕