(ភ្នំពេញ)៖ ជម្រាបជូនអតិថិជន ម្ចាស់ភាគហ៊ុន ដៃគូ និងសាធារណជនដ៏មានតម្លៃ ឱ្យបានជ្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអនុវត្តដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រសុវត្ថិភាព​ប្រព័ន្ធព័ត៌មានវិទ្យា និងការរក្សាឯកជនភាពនៃទិន្នន័យខ្ពស់ឈានមុខគេ កម្រិតស្តង់ដារអន្តរជាតិ (ISO/IEC 27001:2022 និង ISO/IEC 27701:2019)។

ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត កម្រិតពិភពលោកឆ្នាំ២០២៤ ពីទស្សនាវដ្ដី Global Finance។

សមិទ្ធផលទាំងនេះជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ីលីដា ក្នុងនាមជាធនាគារខ្មែរឈានមុខគេក្នុងប្រទេសកម្ពុជា ដើម្បីរក្សានិងការពារ ការសម្ងាត់ សុចរិតភាព តម្លាភាព និងឯកជនភាពនៃព័ត៌មានរបស់អតិថិជន។

វិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មាន (ISMS) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានឯកជនភាព (PIMS) បញ្ជាក់ថា ធនាគារអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងត្រួតពិនិត្យសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងទិន្នន័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារទិន្នន័យ និងផ្តល់ទំនុកចិត្តជូនដល់អតិថិជន ហើយយើងខ្ញុំប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកការអនុវត្តដ៏ជោគជ័យនេះជានិរន្តរ៍។

ការប្តេជ្ញាចិត្តនេះ ក៏បានឆ្លុះបញ្ចាំងអំពីគុណភាព ភាពងាយស្រួល សុវត្ថិភាព ឯកជនភាព តម្លាភាព និងគណនេយ្យភាព តាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់ សម្រាប់បំពេញតម្រូវការ ការពេញចិត្ត និងការរំពឹងទុករបស់អតិថិជនដ៏មានតម្លៃរបស់យើង៕