(បរទេស)៖ ក្រុមហ៊ុនយក្ស Apple មានពាក្យចចាមអារ៉ាមជាយូរមកហើយថានឹងជំនួស iPhone 16 Plus ទៅជា iPhone 17 Air (ឬ iPhone 17 Slim) នៅឆ្នាំក្រោយ ដោយសារតែម៉ូដែល Plus លក់មិនសូវដាច់ បើធៀបនឹងម៉ូដែលទាំងបួនផ្សេងទៀតដែលក្រុមហ៊ុនបានចេញផ្សាយជារៀងរាល់ឆ្នាំ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ iPhone 17 Air នឹងចេញមកជាមួយនឹងកម្រាស់ស្តើងជាងគេបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមមួយបានអះអាងម៉ូដែល Air ឬ iPhone 17 Air នឹងមានកម្រាស់ 6mm (មីលីម៉ែត្រ) ប៉ុន្តែថ្ងៃនេះស្រាប់តែទទួលដំណឹងថ្មីមកថា ម៉ូដែលនេះនឹងមានកម្រាស់ស្តើងជាងនេះបន្ថែមទៀត ពោលគឺប្រហែល 5mm ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ស៊ីជម្រៅថ្មីមួយដែលមានទំនាក់ទំនងជាមួយ Apple។

ប្រភពមិនបង្ហាញឈ្មោះបានបង្ហាញថា iPhone 16 មានកម្រាស់ 7.8mm, iPhone 16 Pro/ Pro Max មានកម្រាស់ 8.25mm, iPhone 15/ iPhone 14 មានកម្រាស់ 7.8mm, iPad Air ជំនាន់ចុងក្រោយមានកម្រាស់ 6.1mm និង iPad Pro ថ្មីមានកម្រាស់ 5.1mm។ ប្រសិនបើ iPhone 17 Air គ្រោងចេញលក់នៅឆ្នាំក្រោយចេញមកជាមួយនឹងកម្រាស់ប្រហែល 5mm ពិតមែននោះ វានឹងក្លាយជា iPhone ដែលមានកម្រាស់ស្តើងបំផុតក្នុងប្រវត្តិសាស្រ្ត Apple ហើយស្តើងជាងស្មាតហ្វូនពីក្រុមហ៊ុនផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះ iPhone 17 Air ក៏ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរមួយចំនួនដោយសារកម្រាស់វាស្តើងផងដែរក្នុងនោះរួមមាន គ្មានរន្ធដាក់ស៊ីម, មានឧបករណ៍បំពងសម្លេងតែមួយ តែពង្រីកសមត្ថភាពទ្វេដង, ប្រើបន្ទះឈីបរបស់ Apple ផ្ទាល់ ទំហំតូចជាងមុន តែសមត្ថភាពខ្លាំងម៉ូដែល Qualcomm ដែល Apple ប្រើបច្ចុប្បន្ន, ព្រមទាំងបំពាក់ទំហំថ្មតូចជាមុនផងដែរ។ លើសពីនេះវានឹងមានអេក្រង់ទំហំ 6.6 អ៊ីង, ប្រើតួអាលុយមីញ៉ូម, បន្ទះឈីប A19 និងមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះទំហំ 48MP (មេហ្គាភិចស៊ែ), កាមេរ៉ាមុខ 24MP និងមាន RAM ទំហំ 8GB (ជីហ្គាបៃ)។ មិនខុសពីរាល់ឆ្នាំនោះទេ Apple នឹងប្រកាសចេញក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕