(ភ្នំពេញ)៖ សិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់ អំពីគុណប្រយោជន៍នៃការលេងកីឡា ហើយបានចូលរួមលេងកាន់តែច្រើន មិនថានៅទីប្រជុំជន ឬជនបទ ពិសេសក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺបានបំផុសសកម្មភាពកីឡានេះយ៉ាងផុសផុលទូទាំងប្រទេស ដែលគេសង្កេតឃើញមានប្រជាពលរដ្ឋគ្រប់វ័យ បានលេងកីឡាផ្សេងៗ ពិសេសនៅតាមគ្រឹះស្ថានអប់រំនានា។
ពាក់ព័ន្ធនឹងគុណតម្លៃនៃការលេងកីឡានេះ យុវសិស្ស ធី ដូណា ដែលរៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យឬស្សីកែវ បានលើកឡើងថា ការលេងកីឡា អាចជួយឱ្យបំបាត់នូវភាពតានតឹង និងចៀសឆ្ងាយអំពីការប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមផ្សេងៗ ដូចជាចៀសឆ្ងាយពីគ្រឿងញៀនជាដើម។ ជាក់ស្ដែងខ្លួនផ្ទាល់ ការលេងកីឡា បានជួយខ្លួនបន្ធូរអារម្មណ៍ រំសាយនូវការអផ្សុក ក៏ដូចជាបំបាត់ស្ដ្រេសទៀតផង។ ដូច្នេះពេលទំនេរពីការសិក្សាខ្លួនតែងលេងកីឡា ដូចជាកីឡាវាយសីជាដើម។
យុវជនវ័យ ១២ឆ្នាំដដែលបន្ដថា «ប៉ាម៉ាក់ គាត់សប្បាយចិត្ត ដោយសារពេលទំនេរខ្ញុំអត់លេងទូរសព្ទ ហើយលេងកីឡា ដើម្បីឱ្យខ្ញុំបាន Refresh (ធ្វើឱ្យស្រស់ស្រាយ) និងបន្ធរនូវភាពតានតឹងក្នុងការសិក្សា។ ជារួមពេលលេងកីឡា ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ស្រលះស្រួលខ្លួន តែបើអត់បានលេងកីឡា រាងធ្ងន់ៗក្នុងខ្លួន។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សទាំងអស់ ព្យាយាមលេងកីឡា តែកុំភ្លេច ឬបោះបង់ការសិក្សា ត្រូវខំប្រឹងទាំងការសិក្សា ហើយឆ្លៀតពេលលេងកីឡាឲ្យបានច្រើន»។
ដូណា បន្ថែមទៀតថា ការលេងកីឡា មិនត្រឹមតែផ្ដល់នូវគុណប្រយោជន៍ចំពោះសុខភាពនោះទេ តែសម្រាប់អ្នកខ្លាំងពូកែ ក៏អាចមានឱកាសក្លាយជាអត្តពលិកតំណាងជាតិផងដែរ។ ម្យ៉ាងវិញទៀត ការលេងកីឡា ក្រៅពីការប្រកួត ក៏ជាការរឹតចំណងមិត្តភាព សាមគ្គីភាពដែរ។ ទោះបីលទ្ធផលឈ្នះ ឬចាញ់ កីឡា គឺគ្មានការគុំគួននោះទេ ដ្បិតរាល់ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិធំៗ គឺជាវេទិកា និងជាឱកាសដ៏សំខាន់មួយ ដើម្បីរឹតចំណងមិត្តភាព។ ចំពោះការប្រកួតប្រជែង អ្វីដែលសំខាន់ គឺការចូលរួម និងបង្ហាញឲ្យអស់ពីសមត្ថភាព។
គួរដឹងថា ការលើកឡើងរបស់សិស្សឆ្នើមតែងរៀនបានចំណាត់ថ្នាក់លេខ១ រូបនេះ បន្ទាប់ពីរូបគេបានចូលរួមកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃនៃកីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅវិទ្យាល័យឬស្សីកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញ។ កម្មវិធីនេះ រៀបចំឡើងក្រោមប្រធានបទ «OVEP’s Learn and Play ឬ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក៖ រៀន និងលេង» ដើម្បីផ្សព្វផ្សាយអំពីប្រវត្តិ និងទស្សនវិជ្ជា នៃកីឡាអូឡាំពិក ហើយក៏ភ្ជាប់ជាមួយការផ្សព្វផ្សាយនូវយុទ្ធនាការកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផងដែរ៕