(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)​ ម.ក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ស្តីពី «កិច្ចសហប្រតិបត្តិក្នុងការកសាងមាគ៌ានៃការសិក្សាក្នុងវិស័យយានយន្ត និងវិស័យផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»

ការចុះអនុស្សរណៈយោគយល់នេះត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ក្រោមអធិបតីភាព លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា)​ ម.ក និងលោកស្រី​ Sally Curtain អគ្គនាយិកា BKI Group និងវត្តមានថ្នាក់ដឹកនាំជាច្រើនរូបទៀតមកពីស្ថាប័នទាំងពីរ។

ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង BKI Group និងការសហការគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នឹងបង្កើតវិទ្យាស្ថាន អ អិម អេ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តក្នុងប្រទេសកម្ពុជា ដែលជាថ្នាលបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យយានយន្តឈានមុខគេបង្អស់លំដាប់អន្តរជាតិក្នុងតំ​បន់អាស៊ី​អាគ្នេយ៍ ដែលនាពេលអនាគតនឹងត្រួសត្រាយកម្ពុជាឱ្យឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍វិស័យយានយន្ត និងការបណ្តុះបណ្តាលកម្រិតខ្ពស់ថ្នាក់តំបន់ និងពិភពលោក។

តាមរយៈការសហការរួមគ្នាក្នុងគម្រោងនេះ នឹងផ្តល់ឱកាសឱ្យយុវជនកម្ពុជា អាចពង្រឹងជំនាញ និងកសាងសមត្ថភាពរបស់ពួកគេថែមមួយកម្រិតទៀត។ ស្របតាមគំរូនៃភាពជោគជ័យនៃគម្រោងពីមុនៗមកដែលវិទ្យាស្ថាន Bendigo Kangan​ បានអនុវត្តនៅប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា​ គម្រោងបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅ

កម្ពុជានេះ នឹងជួយការលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្មផ្នែកយានយន្ត ឱ្យទទួលបាននូវជំនាញច្បាស់លាស់មួយដែលអាចទ្រទ្រង់សហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិទាំងមូលប្រកបដោយនិរន្តរភាព។​ និស្សិតគ្រប់រូបនឹង​ទទួលបានឱកាសសិក្សារៀនសូត្រ​ជំនាញបច្ចេកទេសជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ ហើយសិក្ខាកាមទាំងអស់នឹងមានសមត្ថភាព និងជំនាញខ្ពស់ក្នុងការទទួលបាននូវឱកាសការងារក្នុងស្រុក និងក្រៅស្រុក។​

វគ្គសិក្សាជំនាញដែលមជ្ឈមណ្ឌលនឹងផ្តល់ជូន រួមមាន៖ មេកានិចយានយន្ត តោន ជួសជុលតួខាងក្រៅរថយន្ត និងបាញ់ថ្នាំពណ៌ គ្រប់គ្រងឃ្លាំង និងស្តុក ជាដើម។ គម្រោងនេះ មិនត្រឹមតែផ្តល់ការរីកចម្រើនដល់ធនធានមនុស្សរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ត សហគមន៍ និងសេដ្ឋកិច្ចទាំងមូល បូករួមជាមួយនឹងកំណើនវិស័យទេសចរណ៍តាមរយៈចំណូលស្រុកនិស្សិតបរទេស។

នាឱកាសនោះលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ​ (ខេមបូឌា) បានមានប្រសាសន៍ថា​ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ការបង្កើតនូវវិទ្យាស្ថាន អ អិម អេ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជានេះ នឹងផ្តល់ឱកាសឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននូវបទពិសោធន៍ថ្មីស្រឡាងមួយ ហើយក្នុងពេលអនាគតនឹងប្រែក្លាយកម្ពុជាឱ្យទៅជាបណ្តុំមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យយានយន្តថ្នាក់អន្តរជាតិនៅអាស៊ីអាគ្នេយ៍។

លោកបានបន្តថា​ យើងតែងតែសិក្សា ស្រាវជ្រាវ និងស្វែងរកនូវអ្វីដែលថ្មី ដើម្បីយកមកផ្គួបផ្សំគ្នា បង្កើតបានចេញជាសមិទ្ធផលវិជ្ជមាន ដល់ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។​ តាមរយៈកម្មវិធី Earn & Learn បុគ្គលិកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ទាំងអស់ទទួលបានឱកាសក្នុងការសិក្សាជំនាញបន្ថែមណាមួយដែលត្រូវនឹងការងាររបស់ខ្លួនបច្ចុប្បន្នក្នុងអំឡុងម៉ោងធ្វើការ ស្របពេលដែលពួកគេនៅតែទទួលបានប្រាក់ខែគោលដូចធម្មតា។

លោកស្រី Sally Curtain អគ្គនាយិកា BKI Group បានលើកឡើងថា​ មហិច្ឆតារួមរបស់យើងសម្រាប់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា គឺដើម្បីជួយបង្កើន និងលើកកម្ពស់ទេពកោសល្យក្នុងស្រុក​ និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិតយានយន្ត។

ក្រោមការសហការជាមួយ អ អិម អេ គ្រុប និងរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថាន Bendigo Kangan ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកនូវបទពិសោធន៍ និងគំរូល្អៗជាច្រើនរបស់យើងពីប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា មកបម្រើដល់គម្រោងដ៏មានសារៈសំខាន់មួយនេះ ដើម្បីឱ្យទទួលបាននូវផ្លែផ្កា និងជោគជ័យ។​ លោកស្រីជឿជាក់ ការធ្វើការរួមគ្នាក្នុងគម្រោងនេះ នឹ​ងផ្តល់ឱ្យវិស័យយានយន្តកម្ពុជា​ និងការអភិវឌ្ឍកម្លាំងពលកម្មនៅក្នុងស្រុក​ ទទួលបានផលជាវិជ្ជមាន និងយូរអង្វែង។​

សូមបញ្ជាក់ថា​ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្ម និងផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្ម រួមមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។

ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្ម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្តល់អាទិភាពជាចម្បងដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសចុះកម្មសិក្សា និងការងារជំនាញដល់និយោជិតក្នុងស្រុក និងនិយោជិតបរទេស ប្រមាណ ៤០០០ នាក់។​ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនា​នាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន ​អប់រំ និងកីឡា នៅប្រទេសកម្ពុជា​ មានដូចជា​ ការសាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម ជាដើម។

អំពីក្រុមហ៊ុន Bendigo Kangan Institute៖​ វិទ្យាស្ថាន Bendigo Kangan គឺជាវិទ្យាស្ថានឈានមុខគេ ដែលមានឯកទេសក្នុងការបណ្តុះបណ្តាល វាយតម្លៃ កសាងសមត្ថភាព និងអភិវឌ្ឍកម្មវិធីសិក្សានៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងប្រទេសអូស្រ្តាលី និងក្នុងបណ្តាប្រទេសជាច្រើនទៀតក្នុងសកលលោក។

ក្រុមហ៊ុន ​BKI Group ​មានអាជីវកម្មធំៗចំនួន ៤ គឺ Bendigo TAFE, Kangan Institute, VETASSESS ហើយនិង eWorks ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ធនធានមនុស្សទាំងឡាយទៅនឹងអាជីព និងវិស័យដែលត្រូវនឹងទេពកោសល្យរបស់ពួកគេ។​ វិទ្យាស្ថាន Bendigo Kangan មាន ៩ សាខា នៅរដ្ឋ ​Victoria ប្រទេសអូស្រ្តាលី។

មជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់វិទ្យាស្ថាន Bendigo Kangan គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធំជាងក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និស្សិតជាង ៥០០០ នាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងតំប​ន់ សម្រាប់វគ្គសិក្សាប្រមាណជាង ២៦ វគ្គ។​ វិទ្យាស្ថាន Bendigo Kangan គឺជាដៃគូអប់រំដ៏គួរឱ្យទុកចិត្តបំផុត សម្រាប់មជ្ឈមណ្ឌលឧត្តមភាពរថយន្តអន្តរជាតិនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា ក្រោមសហការជាមួយ Maruti Suzuki និងរដ្ឋាភិបាលប្រទេសឥណ្ឌា៕