(បរទេស)៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសនាពេលថ្មីៗនេះ ពីគម្រោងបញ្ចេញប្រាក់កម្ចីដែលមានការប្រាក់ទាបចំនួន ១៤ពាន់ពាន់លានវ៉ុន (១០ពាន់លានដុល្លារ) នៅឆ្នាំក្រោយ ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ខណៈដែលវិស័យនេះកំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាមួយប្រទេសចិន និងមានភាពមិនច្បាស់លាស់លើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រាក់កម្ចីនេះ នឹងត្រូវបានបញ្ជូនតាមធនាគារដែលគ្រប់គ្រងដោយរដ្ឋ និងរួមបញ្ចូលហិរញ្ញប្បទានចំនួន ១.៨ ពាន់ពាន់លានវ៉ុន ដើម្បីដំឡើងបណ្តាញបញ្ជូនថាមពលដល់ក្រុមហ៊ុននានានៅឯកន្លែងផលិតបន្ទះឈីបថ្មីមួយ។ ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងផលិតបន្ទះឈីបមេម៉ូរីកំពូល មានក្រុមហ៊ុនល្បីៗដូចជា Samsung និង SK Hynix ជាដើមនោះ កំពុងសាងសង់អគារមួយនៅតំបន់ Yongin និង Pyeongtaek ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដែលត្រូវបានគេហៅថា ជាចង្កោមផលិតបន្ទះសៀគ្វីបច្ចេកវិទ្យាខ្ពស់ដ៏ធំបំផុតរបស់ពិភពលោកក្នុងការដេញថ្លៃ ដើម្បីទាក់ទាញឧបករណ៍បន្ទះសៀគ្វី និងក្រុមហ៊ុនដែលមិនចេះច្នៃប្រឌិត។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាការឆ្លើយតប រដ្ឋាភិបាលគ្រោងនឹងប្រមូលធនធានដែលមានទាំងអស់ និងគាំទ្រយ៉ាងសកម្មដល់ក្រុមហ៊ុនក្នុងការជម្នះវិបត្តិឧស្សាហកម្ម និងសម្រេចបាននូវជំហានថ្មីមួយឆ្ពោះទៅមុខ។ ប្រទេសកូរ៉េខាងត្បូងរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងបរិយាកាសពាណិជ្ជកម្ម និងឧស្សាហកម្មសកល បន្ទាប់ពីការសម្ពោធរដ្ឋបាលថ្មីរបស់ Trump»

គួរជម្រាបថា ការខិតខំរបស់កូរ៉េខាងត្បូងនៅពេលនេះ គឺស្របពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្ម semiconductor របស់ប្រទេសចិន និងភាពមិនច្បាស់លាស់អំពីទិសដៅគោលនយោបាយថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump៕