(បរទេស)៖ និយតករប្រឆាំងការទុកចិត្តរបស់ប្រេស៊ីល Cade បានសម្រេចថា Apple ត្រូវតែលុបចោលការរឹតបន្តឹងទាំងអស់របស់ខ្លួនលើវិធីសាស្រ្តទិញក្នុងកម្មវិធី App Store។ ដោយ Apple មានរយៈពេល ២០ថ្ងៃដើម្បីអនុវត្តតាមការណែនាំ ប្រសិនបើនៅរឹងទទឹងក្រុមហ៊ុននេះអាចប្រឈមនឹងការផាកពិន័យប្រមាណ ៤៣,០០០ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

សេចក្តីសម្រេចនេះត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់អាមេរិកឡាទីន MercadoLibre ក្នុងឆ្នាំ២០២២ ដែលបានចោទប្រកាន់ Apple ពីការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងទាក់ទងនឹងគោលនយោបាយ App Store របស់ខ្លួន។ សេចក្តីសម្រេចនេះក៏បង្ខំ Apple ឱ្យអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធដំណើរការទូទាត់ក្រៅពី Apple ផ្ទាល់ផងដែរ ដែលជាធម្មតាគិតកម្រៃជើងសារពីចន្លោះពី ១៥ ទៅ ៣០ភាគរយលើប្រតិបត្តិការ។

គួរជម្រាបថា នេះមិនមែនជាសាលក្រមដំបូងរបស់តុលាការប្រឆាំងនឹងគោលការណ៍ទិញក្នុងកម្មវិធីរបស់ Apple នោះទេ។ ពោលគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានបង្ខំឱ្យ Apple អនុញ្ញាតឱ្យមានជម្រើសបង់ប្រាក់តាមកម្មវិធីផ្សេង ឬកម្មវិធីក្រៅពីរបស់ Apple ផ្ទាល់៕