(បរទេស)៖ គណៈកម្មាធិការព្រឹទ្ធសភាអូស្ត្រាលី បានបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម១៦ឆ្នាំ ប៉ុន្តែបាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមិនគួរបង្ខំអ្នកប្រើប្រាស់ឱ្យដាក់ទិន្នន័យផ្ទាល់ខ្លួនដូចជាលិខិតឆ្លងដែន និងអត្តសញ្ញាណឌីជីថលផ្សេងទៀតដើម្បីបញ្ជាក់ពីអាយុឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រទេសអូស្ត្រាលី គ្រោងនឹងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុដែលអាចរួមបញ្ចូលអត្តសញ្ញាណនិងលិខិតបញ្ជាក់នានា ដើម្បីអនុវត្តការកំណត់អាយុសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese ត្រូវបានរាយការណ៍មកថា កំពុងប្រញាប់ប្រញាល់អនុម័តច្បាប់នេះឲ្យបាននៅចុងឆ្នាំនេះតែម្តង។ នៅក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ គណៈកម្មាធិការទំនាក់ទំនងរបស់ព្រឹទ្ធសភាបាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម «ត្រូវតែកំណត់វិធីសាស្រ្តជំនួស សម្រាប់ការធានាអាយុជាជំហានដែលសមហេតុផល ជាមួយនឹងការពិចារណាដែលបានផ្តល់ទៅឱ្យ សម្រាប់ការសាកល្បងការធានាអាយុនេះ»។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ គេមិនទាន់ច្បាស់នៅឡើយទេ ថាតើច្បាប់មួយនេះអាចចូលជាធរមានឬអត់ និងមានការកែប្រែអ្វីខ្លះនោះ ខណៈច្បាប់នេះផងដែរ ត្រូវបានគេមើលឃើញថា នឹងរងផលប៉ះពាល់ដល់បណ្តាញសង្គមជាច្រើនរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms ដែលធ្លាប់បាននិយាយថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែត្រូវបានពន្យារពេលរហូតដល់ការសាកល្បងការផ្ទៀងផ្ទាត់អាយុបានបញ្ចប់។ TikTok របស់ Bytedance បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវការការពិគ្រោះយោបល់បន្ថែមទៀត ខណៈដែល លោក Elon Musk ម្ចាស់បណ្តាញសង្គម X បាននិយាយថា ច្បាប់ដែលបានស្នើឡើង អាចប៉ះពាល់ដល់សិទ្ធរបស់កុមារ៕