(ឡុងដ៍)៖ នាង Laura Robson ដែលធ្លាប់ជាកីឡាការិនីតេន្នីសលំដាប់ជួរមុខអង់គ្លេស ត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជានាយកព្រឹត្តិការណ៍ The Queen’s Club សម្រាប់ផ្នែកស្រ្តីដែលទើបបង្កើតឡើង។

កម្មវិធីដែលស្ថិតក្នុងកម្រិត WTA 500 ដែលនឹងចាប់ផ្តើមឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ០២៥ ខាងមុខ នឹងក្លាយជាកម្មវិធី tour លើកដំបូងសម្រាប់ផ្នែកនារីធ្វើឡើងនៅទីក្រុង London ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។

កន្លងមក Robson ក៏ត្រូវបានតែងតាំងជានាយកកម្មវិធី Nottingham Open កាលពី ២ឆ្នាំផងដែរ បន្ទាប់ពីចូលនិវត្តន៍ពីកីឡាការិនីអាជីពក្នុងឆ្នាំ២០២២ មក។

Robson វ័យ ៣០ឆ្នាំ ដែលធ្លាប់ឈ្នះមេដាយប្រាក់ ក្នុងវិញ្ញាសាវាយគូស្រ្តីនៅ London Olympic Game 2012 បានថ្លែងប្រាប់ BBC ដោយក្តីរំភើបថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ក្នុងការទទួលបានតំណែងធំនេះ»។

ថ្មីដ្បិតមិនធ្លាប់ឈ្នះពានក្នុងកម្រិត Grand Slam ប៉ុន្តែនាង Robson ធ្លាប់ឆ្លងចូលជុំទី៤ នៃកម្មវិធី Wimbledon នៅអង់គ្លេស និង US Open នៅសហរដ្ឋអាមេរិកផងដែរ កាលអំឡុងនៅជាកីឡាការិនីអាជីព៕