(ភ្នំពេញ)៖ បន្ទាប់ពីផលិតយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារផលិតកម្ម Galaxy navatra ពេលនេះ បទ «សែកមន្ត» បានផលិតជិតរួចរាល់១០០ភាគរយហើយ។ ទន្ទឹមនឹងគ្នានោះដែរ ផលិតកម្មខ្នាតយក្សមួយនេះ បានប្រកាសថា official MVបទ «សែកមន្ត» ដែលមានចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេងបុរាណលាយសម័យ នឹងចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ ដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ទស្សនិកជនដែលនិយមតាមដានរឿងរ៉ាវសិល្បៈ ពិតជាបានដឹងហើយថា ប៉ុន្នានថ្ងៃនេះបន្ទាប់ពីផលិតកម្ម Galaxy Navatra ព្រលែងវគ្គខ្លីៗបទ «សែកមន្ត» លើបណ្ដាញសង្គមភ្លាម បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាខ្លាំង ពិសេសក្នុងស្រទាប់យុវវ័យ។ អ្វីដែលជាការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺវីដេអូខ្លីៗ និងរូបថតប៉ុន្មានសន្លឹក នៃឈុតឆាតខ្លះពីសកម្មភាពថត MV តែម្ដង។
ក្នុងសកម្មភាពថត MV ត្រូវបានគេមើលឃើញថា តារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង តន់ ច័ន្ទសីម៉ា បានតុបតែងតែងខ្លួនបុរាណប្លែក អមជាមួយអ្នកលេងចាប៉ី ល្បីៗជាង១០០នាក់ ហើយសុទ្ធតែសំលៀកបំពាក់បុរាណ ដែលមើលទៅពិតជាមានភាពទាក់ទាញជាខ្លាំង។ មិនមែនមានតែឈុតបុរាណទេក្នុង MV នេះ ក៏មានឈុតសម័យជាច្រើនប្លង់ផងដែរ។
បច្ចុប្បន្នក្រុមការងារផលិតកម្ម Galaxy navatra កំពុងតែសម្រុកថត MV នេះ យ៉ាងយកចិត្តទុកដាក់បំផុត ជាមួយក្រុមបច្ចេកទេស និងការមេរ៉ាទំនើបៗ។
សូមបញ្ជាក់ផងដែរថាបទ «សែកមន្ត» ផលិតកម្ម Galaxy navatra បានផលិតជាពីរ Version។ តារាចម្រៀង ព្រាប សុវត្ថិ ច្រៀងជា Version ប្រុស។ ចំណែកតារាចម្រៀងស្រីរួមទ្រនំ កញ្ញា តន់ ចន្ទសីម៉ា ច្រៀងជា Version ស្រី។ ទោះបីជា official MV មិនទាន់ផ្លូវការយ៉ាណាក្ដី សូមនាំអារម្មណ៍ប្រិយមិត្តមកទស្សនា Teaser បន្តិចសិន តើមានភាពទាក់ទាញយ៉ាងណា៖