(ភ្នំពេញ)៖ ធនាគារហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសពីកិច្ចសហការរួមគ្នា ជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នាគនេះគឺជាជំហានដ៏សំខាន់មួយដោយផ្តោតជាអាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ ហត្ថា មានគោលបំណងពង្រីកអត្ថប្រយោជន៍សុខភាពដ៏ទូលំទូលាយដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួន ដោយធ្វើការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមក្នុងការផ្តល់សេវាថែទាំអតិថិជនរួម។
នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់៣០% លើសេវាថែទាំសុខភាពជាច្រើនប្រភេទនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា រួមមានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពទូទៅ និងសេវាកម្មពិគ្រោះជំងឺក្រៅ (មិនសម្រាកនៅពេទ្យ) ការបញ្ចុះតម្លៃ ២០% លើសេវាកម្មជំងឺសម្រាកពេទ្យ និងការចាក់វ៉ាក់សាំង និងសេវាជាច្រើនទៀត។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការបន្តស្វែងរកអត្ថប្រយោជន៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ដល់អតិថិជននូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារហត្ថា បានមានប្រសាសន៍ថា«ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវគុណតម្លៃលើសពីសេវាហិរញ្ញវត្ថុទៅទៀត។ តាមរយៈការផ្តល់ជូនអតិថិជនរបស់យើងនូវការបញ្ចុះតម្លៃសេវាសុខភាពដ៏ពិសេសនេះ យើងមានគោលបំណងផ្តល់ឱកាសឱ្យអតិថិជនរបស់យើងទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព ដោយលើកកម្ពស់សហគមន៍របស់យើងឱ្យកាន់តែមានសុខភាព និងភាពរីករាយជាងមុនខណៈពេលដែលធានានូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ធនាគារ ហត្ថា»។
វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៍ថា «ខ្ញុំមានក្តីរំភើបជាខ្លាំងអំពីភាពជាដៃគូនេះ ដោយខ្ញុំប្រាកដថាទាំងខេមានិងធានាគារ ហត្ថានឹងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកចេញពីភាពជាដៃគូនេះ ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនិងសុខភាពជូនបុគ្គលិក និងអតិថិជនធនាគារ ហត្ថានិងខេមាផងដែរ។ ដើម្បីពង្រឹងភាពជាដៃគូរបស់យើង ខេមានឹងផ្តល់សេវាជូនដៃគូ និងអតិថិជនដោយផ្អែកលើគុណតម្លៃរបស់ខ្លួនគឺ ផ្តល់ការថែទាំដោយការទទួលខុសត្រូវ ដោយការគោរព និងដោយគុណភាព»។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធនាគារហត្ថា ពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យថែទាំសុខភាព ដោយឆ្លុះបញ្ចាំងនូវតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើអតិថិជនជាអាទិភាព ជាមួយនឹងការប្តេជ្ញាចិត្តដល់ការកែលម្អជីវិតរស់នៅរបស់ប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយាល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។
មន្ទីរពហុព្យាបាលអន្តរជាតិខេមាគឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេនៅកម្ពុជាដោយមានផ្តល់សេវាឯកទេសជាច្រើនតាមរយៈអ្នកជំនាញវេជ្ជសាស្ត្រដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។ តាមរយៈការផ្តល់សេវាថែទាំនិងព្យាបាលតាមស្តង់ដាអន្តរជាតិ មានឧបករណ៏ទំនើបៗ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ខេមាបានក្លាយជាអ្នកផ្តល់សេវាលំដាប់កំពូល សម្រាប់អតិថិជនដែលមានជីវភាពមធ្យមកម្រិតខ្ពស់និងអ្នកមានជីវភាពធូរធា។ ដោយមានការយកចិត្តទុកដាក់ផ្តល់សេវានិងភាពកក់ក្តៅជូនអតិថិជន បទពិសោធរបស់ខេមាផ្តោតលើបដិសណ្ឋារកិច្ច និងគុណភាពនៃការថែទាំ។ អស់រយៈពេលជាងមួយទស្សវត្សទៅហើយ វេជ្ជបណ្ឌិតនិងក្រុមវេជ្ជសាស្ត្រដែលមានបទពិសោធរបស់ខេមា បានផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជានិងជនបរទេសដែលស្នាក់នៅនិងប្រកបរបរនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបីសាខានៅរាជធានីភ្នំពេញ ដែលមានគ្រែសរុបចំនួន៧៥គ្រែ។ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា ព្យាបាលរបួស និងសង្រ្គោះបន្ទាន់ ២៤ម៉ោង ពិគ្រោះជំងឺទូទៅ ពិនិត្យសុខភាព គ្លីនិកកុមារ ទារក និងវ៉ាក់សាំង វះកាត់ទូទៅ ផ្នែកសម្ភពនិងរោគស្រ្តី គ្លីនិកបេះដូងនិងសរសៃឈាម ក្រពះ ពោះវៀននិងថ្លើម ទឹកនោមផ្អែម លាងឈាម វះកាត់ឆ្អឹងបាក់បែក ប្រព័ន្ធប្រសាទ សេវាថែទាំព្យាបាលជំងឺរ៉ាំរ៉ៃមនុស្សចាស់ក្នុងពេទ្យ សេវាថែទាំជំងឺតាមផ្ទះនិ ងព្យបាលដោយចលនា៕