(ភ្នំពេញ)៖ ស្របតាមបេសកកម្មចម្បងមួយរបស់ ជីប ម៉ុង ក្នុងការគាំទ្ររាជរដ្ឋាភិបាលលើកស្ទួយវិស័យទេសចរណ៍ នៅកម្ពុជា ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង បានជួបសម្តែងការគួរសមជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងស្វែងរកយុទ្ធសាស្រ្តបំផុសចលនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយឆ្ពោះទៅរកភាពរីកចម្រើនជាសកល។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រមទាំងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និង ជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានដឹកនាំសហការីចូលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្តល់កិច្ចសហការគាំទ្ររដ្ឋាភិបាលទៅលើវិស័យទេសចរណ៍។ ជាពិសេសក្នុងគោលបំណងប្រើប្រាស់ជំនាញ និងធនធានរបស់ ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជាគឺ ជីប ម៉ុង ដើម្បីជំរុញទេសចរណ៍របស់កម្ពុជាឱ្យកាន់តែល្អប្រសើរ តាមរយៈការលើកកម្ពស់សេវាកម្មស្តង់ដារអន្តរជាតិ និងរៀបចំបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបដែលបង្ហាញពីវប្បធម៌រស់រវើករបស់កម្ពុជា។
ការចូលរួមនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការគាំទ្ររដ្ឋាភិបាលលើវិស័យទេសចរណ៍ តាមរយៈប្រតិបត្តិពាណិជ្ជកម្មទាំង ១៣ របស់ខ្លួន ដែលគ្របដណ្តប់លើឧស្សាហកម្មធំៗដូចជា បដិសណ្ឋារកិច្ច សណ្ឋាគារស្តង់ដារអន្តរជាតិ ធនាគារ ភេសជ្ជៈ អចលនទ្រព្យ ជាដើម។
កិច្ចប្រជុំនេះបានសម្របសម្រួលការផ្លាស់ប្តូរយោបល់គ្នារវាងវិស័យរដ្ឋ និងឯកជន ដែលបង្ហាញពីទស្សនៈវិស័យរួមគ្នា ដើម្បីអភិវឌ្ឍន៍ជាតិ ជម្រុញវិស័យទេសចរនៅកម្ពុជា ពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេស តាមរយៈការគាំទ្រពីវិស័យឯកជន។
សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានចាក់គ្រឹះរឹងមាំ និងឈរជើងលើទីផ្សារជាង ៤ទសវត្ស មកហើយ។ ជីប ម៉ុង បានវិនិយោគគ្របដណ្តប់លើវិស័យធំៗជាច្រើននៅក្នុងស្រុករួមមាន៖ វិស័យអចលនទ្រព្យ, ធនាគារ, បដិសណ្ឋារកិច្ច, ផ្សារទំនើប, ឧស្សាហកម្មស្រាបៀរនិងភេសជ្ជៈ ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុត ដល់អតិថិជននិងដៃគូពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព។
នាកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម៕