(ភ្នំពេញ)៖ តាមរយៈព្រឹត្តិការណ៍ «ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤» ឬហៅថា Miss Planet International 2024 នេះ បេក្ខនារីមកពី៦៦ប្រទេសជុំវិញភពលោកដែលចូលរួមក្នុងការប្រកួតនេះ សុទ្ធតែជាកម្លាំងចលករបំផុសគំនិតមនុស្សជាតិឱ្យចូលរួមក្នុងបុព្វហេតុភពផែនដី ចូលរួមការពារបរិស្ថាន ធនធានធម្មជាតិជាដើមឱ្យបន្តមាននិរន្តរភាព។

សូមជម្រាបថា កម្មវិធីប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ បានចាប់ផ្ដើមរៀបចំឡើងតាំងពីថ្ងៃទី១៩-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកម្មវិធីដែលរៀបចំឡើងដោយសហគ្រិនខ្មែរ គឺអ្នកស្រី ហាលី អាមីន ស្ថាបនិកនិងជាប្រធានស្ថាប័ន Miss Planet International។ សម្រាប់ឆ្នាំនេះដែរជ មានបវរកញ្ញាមកពី៦៦ប្រទេស រួមមាន៖ កម្ពុជា កាណាដា កាហ្សាក់ស្ថាន កេនយ៉ា កុងហ្គោ កូរ៉េខាងត្បូង កូស្តារីកា កូឡុំប៊ី កាំមេរូន ក្រូអាស៉ី(ក្រូអាត) ចិន ចក្រភពអង់គ្លេស ជប៉ុន ស៉ីលី(ឈីលី) ដាណឺម៉ាក តង់ហ្សានី ថៃ នីហ្សេរីយ៉ា នូវែលសេឡង់ នេប៉ាល់ នែតដឺឡង់(ហូឡង់) នីហ្សេរីយ៉ា បាបាដូស បារាំង ប៉ាគីស្ថាន ប៉ារ៉ាហ្កាយ ប៉ូឡូញ ប៊ុលហ្ការី ប៊ែលហ្ស៉ិក ប្រេស៊ីល ព័រទុយហ្កាល់ ម៉ារ៉ុក ម៉ាឡេស៊ី ម៉ូរីស ម៉ិកស៊ិក រវ៉ាន់ដា រុស្ស៉ី លីបេរីយ៉ា លុចសំបួ វៀតណាម វ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិក សិង្ហបុរី សេណេហ្កាល់ ស៊ុយអែត ស៊ែប៊ី ស្វីស ហៃទី ហុងកុង ហុងគ្រី ហ្វីលីពីន ហ្គ្រើណាដ ហ្សាម៉ាអ៉ីក ហ្ស៊ីមបាវ៉េ ហ្ស៊កដានី ហ្ស៊កហ្ស៊ី អាហ្វ្រិកខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម អេរីត្រេ អូទ្រីស អ៉ីតាលី អ៉ីរ៉ង់ អ៉ីស្លង់ អ៊ុយក្រែន ឥណ្ឌា និងឥណ្ឌូណេស៊ី។

អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ដែលជាដៃគូសហការសំខាន់ផងនោះ បានឱ្យដឹងថា បណ្ដាបេក្ខនារីដែលចូលរួមប្រកួតនេះ មិនមែនគ្រាន់តែមានសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាទូតសុឆន្ទៈជួយបំផុសគំនិតមនុស្សជាតិឱ្យជួយបារម្ភពីអនាគតភពផែនដី ចូលរួមការពារភពផែនដី បរិស្ថាន ធនធានធម្មជាតិជាដើមឱ្យបន្តមាននិរន្តរភាព ដែលជាសញ្ញានៃក្ដីសង្ឃឹមសម្រាប់ភពផែនដីដ៏មានតម្លៃរបស់យើង។

បេក្ខនារីម្នាក់ៗបានធ្វើដំណើរមកពីជុំវិញពិភពលោក ដោយនាំមកជាមួយនូវស្មារតីនៃជាតិសាសន៍របស់ពួកគេ វប្បធម៌តែមួយរបស់ពួកគេ និងចំណង់ចំណូលចិត្តដ៏ពិតប្រាកដរបស់ពួកគេសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ ការមកចូលរួមរបស់ពួកគេក្នុងការប្រកួតសម្រស់នៅប្រទេសកម្ពុជានេះ បាននាំពួកគេទៅកាន់គោលដៅវប្បធម៌បេតិកភណ្ឌនាខេត្តសៀមរាប ជាកន្លែងដែលពួកគេបានទស្សនានិងស្វែងយល់ពីប្រាសាទអង្គរវត្ត និងប្រាសាទបុរាណខ្មែរដ៏អស្ចារ្យដទៃទៀត ក៏ដូចជាបានឃើញទំនាក់ទំនងយ៉ាងស៉ីជម្រៅប្រជាពលរដ្ឋខ្មែរជាមួយទឹកដីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ។ នៅកម្ពុជាមានតុល្យភាពរវាងមនុស្សនិងធម្មជាតិ ប្រាសាទបុរាណរាប់ពាន់ឆ្នាំ ឈរជាសក្ខីភាពដ៏ប៉ិនប្រសប់ និងសិល្បៈរបស់បុព្វបុរសខ្មែរ ហើយក៏ត្រូវបានបន្តថែរក្សាដោយកូនចៅជំនាន់ក្រោយៗមកទៀត។

លោកស្រីប្រធានបានបន្តថា តាមរយៈដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ក៏ធ្វើឱ្យបេក្ខនារីបានស្វែងយល់កាន់តែច្រើនឡើងពីប្រទេសកម្ពុជា ពិសេសគឺបានមើលឃើញថា ជាប្រត្យក្សភាព ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងជាគោលដៅដ៏ចម្បងសម្រាប់ភ្ញៀវទេសចរមកពីជុំវិញភពលោក

បើតាមលោកស្រី ឆាយ ស៉ីវលីន ការប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤នេះ មិនមែនជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែវាជាការអំពាវនាវឱ្យមានសកម្មភាព ជាការរំឭកឱ្យឃើញថាយើងម្នាក់ៗមានតួនាទីក្នុងការការពារអនាគតនៃភពផែនដី។ ចូរយើងទទួលខុសត្រូវក្នុងការធ្វើជាអ្នកគ្រប់គ្រងផែនដីរបស់យើង ដើម្បីការពារធនធានធម្មជាតិ និងធានានូវភាពស្រស់ស្អាតរបស់ផែនដីឱ្យស្ថិតស្ថិរសម្រាប់មនុស្សជំនាន់ក្រោយ។

លោកស្រី ឆាយ ស៉ីវលីន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រជាពិសេសចំពោះកម្មវិធីប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤នេះ ក៏ដូចជាក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធដទៃទៀត។ ការតាំងចិត្តចំពោះនិរន្តរភាពបរិស្ថាន និងការបង្ហាញប្រទេសកម្ពុជានីលើឆាកអន្តរជាតិ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

លោកស្រីប្រធានសមាគមទេសចរណ៍កម្ពុជាបានលើកឡើងពីភាពជឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ នឹងចូលរួមបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងពិភពលោក បង្កើនការទទួលខុសត្រូវចំពោះនិរន្តរភាព និងបង្កើនការការពារភពផែនដី បរិស្ថាន ធនធានធម្មជាតិជាដើម។

នាឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ (Miss Planet International 2024) ពិសេសគឺកោតសរសើរចំពោះការយកចិត្តទុកដាក់ ទទួលខុសត្រូវដឹកនាំរៀបចំកម្មវិធីរបស់អ្នកស្រី ហាលី អាមីន ស្ថាបនិកនិងជាប្រធានស្ថាប័ន Miss Planet International។

លោកស្រីរដ្ឋលេខាធិការក៏បានអំពាវនាវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យរួមគ្នាគាំទ្រនូវអ្វីដែលខ្មែរអាចធ្វើបាន និងចូលរួមផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិឱ្យបានឃើញពីស្នាដៃ និងសមិទ្ធផលរបស់ជនជាតិខ្មែរ ដែលកំពុងរស់នៅសុខសាន្តក្រោមម្លប់សន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ ពិសេសមានឱកាសក្នុងការដឹកនាំរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា មិនចាញ់បរទេសនោះឡើយ។

គួរបញ្ជាក់ដែរថា ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិ (Miss Planet International ឬហៅកាត់ថា MPI) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរតាំងពីឆ្នាំ២០១៩។ ការរៀបចំកម្មវិធីរបស់ MPI គឺផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN)។ តាមរយៈហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូតសម្រាប់ប្រទេសនីមួយៗ៕