(បាសេឡូណា)៖ ខ្សែប្រយុទ្ធជួរមុខ វ័យទើបតែ ១៧ឆ្នាំ Lamine Yamal ត្រូវបានបោះឆ្នោតជាប់ជាកីឡាករ ក្នុងចំណោមកីឡាករវ័យក្រោម ២១ឆ្នាំលេងល្អផ្តាច់គេ ប្រចាំឆ្នាំ២០២៤ ក្រោយពេលខ្សែបម្រើ Jude Bellingham របស់ Real Madrid ដណ្តើមបានកាលពីឆ្នាំទៅ។
ពានរង្វាន់ឯកត្តជននេះត្រូវបានរៀបចំឡើងដោយកាសែតអ៉ីតាលី Tuttosport ដែលត្រូវបានផ្តល់ជូនតែកីឡាករផ្នែកបុរសនៅតំបន់អឺរ៉ុប (UEFA) វ័យក្រោម ២១ឆ្នាំ ឆ្លងតាមការបោះឆ្នោតពីក្រុមអ្នកសារព័ត៌មានកីឡាប៉ុណ្ណោះជារៀងរាល់ឆ្នាំ។
ជាលទ្ធផល Yamal ដែលស្ទើរអវត្តមានពេញមួយខែវិច្ឆិកាជាមួយក្លិប FC Barcelona ដោយសាររបួសកជើងនោះ ត្រូវបានបោះឆ្នោតជាកំពូលកីឡាករវ័យក្មេងលេងល្អក្នុងឆ្នាំនេះ បន្ទាប់ពីបង្ហាញខ្លួនក្នុងជម្រើសដំបូងក្នុងក្លិបជាប់លាប់នារដូវកាលមុន មុនពេលជួយជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់។
នៅពាន ៤ឆ្នាំនោះដែរ Yamal ដែលលេងក្នុងតួនាទីប្រយុទ្ធស្លាប រកបាន ១គ្រាប់ និងបោះបាល់បាន ៤គ្រាប់ ត្រូវបានបោះឆ្នោតជាកីឡាករក្មេងលេងល្អបំផុតប្រចាំ Euro នោះដែរ។ នារដូវកាលឆ្នាំ២០២៤-២០២៥ នេះ Yamal ស៊ុតបាន ៦គ្រាប់ និងបញ្ជូនបាន ៨គ្រាប់ ពីការចូលលេង ១៦ប្រកួតគ្រប់កម្មវិធីទាំងអស់របស់ FC Barcelona ដែលកំពុងឈរទីកំពូលតារាងលីគ La Liga ពេលនេះ៕