(លីវើភូល)៖ ការរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Liverpool នាយប់មិញនេះ ជាកំណត់ត្រាចាញ់ ៣លើក ក្នុងចំណោម ៥ប្រកួតមករបស់ក្រុមការពារតំណែងជើងឯក Real Madrid នៃព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League 2024-2025។

ស្តីពីការបាត់បង់មានដល់ទៅ ៩ពិន្ទុ ក្នុងចំណោម ៣ប្រកួតជើងទី១ នេះដែរ បានញាំងឱ្យអតីតក្រុមជើងឯក UCL ១៥សម័យកាលរបស់អេស្ប៉ាញមួយនេះ ធ្លាក់ទៅលេខរៀងទី២៤ តំបន់លេងជម្រុះ ក្នុងចំណោម ៣៦ក្រុមពីរូបមន្តថ្មីសម្រាប់កម្មវិធីពានរង្វាន់អឺរ៉ុបរដូវកាលនេះ។

ក្នុងប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Anfield នោះដែរ ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe មានឱកាសរកគ្រាប់តាមស្មើ ១-១ បន្ទាប់ពី Mac Allister រកគ្រាប់នាំមុខឱ្យ Liverpool នៅនាទី៥២ ប៉ុន្តែសោកស្តាយកីឡាករបារាំងរូបនេះទាត់បាល់ ១១ម៉ែត្រត្រូវបានអ្នកចាំទី Caoimhin Kelleher ជួយសង្រ្គោះបាន នៅពីមុខអ្នកទស្សនាផ្ទាល់ជិត ៦ម៉ឺននាក់។

ការប្រកួតឈានមកដល់នាទី៧០ ខ្សែប្រយុទ្ធដែលកំពុងមានភាពរកាំរកូសជាមួយហង្សក្រហមគឺ Mohamed Salah ក៏មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ផងដែរ ប៉ុន្តែទាត់មិនចូលដូចគ្នា និងរំលងបាន ៦នាទីបន្ទាប់ Gakpo ជាអ្នកសម្រេចគ្រាប់ទី២ ដើម្បីធានាជ័យជម្នះ ៣ពិន្ទុតែម្តងក្នុងការជួយ Liverpool អតីតក្រុមជើងឯក UCL កាលឆ្នាំ២០១៩ ឡើងទៅឈរទីកំពូលតារាងវិញ ក្រោយដណ្តើមបានជ័យជម្នះជាលើកទី៥ ជាប់ៗគ្នា។

ពួកគេរកបានជ័យជម្នះមកវិញទៅលើ Real Madrid ក្រោយពេលចាញ់ផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៨ ក្នុងពានអឺរ៉ុបនេះដូចគ្នា នៅពេលក្រុមអេស្ប៉ាញមានវត្តមាន Cristiano Ronaldo និង Gareth Bale ដ្បិត Salah ជួបបញ្ហារបួសស្មា ត្រូវបង្ខំចិត្តប្តូរចេញនាអំឡុងប្រកួតដណ្តើមពាន UCL៕