(បរទេស)៖ រថយន្តអគ្គិសនីទីពីររបស់ក្រុមហ៊ុន Xiaomi ជាប្រភេទSUV ដែលមានលេខកូដម៉ូដែល MX11 ត្រូវបានរាយការណ៍មកថានឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៥ខាងមុខ ខណៈប្រភពបានបញ្ជាក់ថា សង្វាក់ផលិតកម្មទ្រង់ទ្រាយធំសម្រាប់ម៉ូដែល Xiaomi SU7 Ultra ក៏នឹងត្រូវចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ផងដែរ។ នេះបើតាមការចេញផ្សាយពីគេហទំពូរ Auto Gear។
Xiaomi មិនទាន់បង្ហាញរូបភាពណាមួយនៃម៉ូដែលថ្មីនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរថយន្តចិនបានផ្តល់រូបភាពនៃគំរូសាកល្បង ដែលបង្ហាញពីការរចនារថយន្តប្រភេទ Coupe SUV ដែលត្រូវបានបំផុសគំនិតយ៉ាងច្បាស់ដោយ SU7 ដែលជាម៉ូដែលដំបូងរបស់ Xiaomi ។ លើសពីនេះ CarsNewsChina រាយការណ៍ថា ម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់ផ្នែកខាងក្នុង ជាមួយនឹងការរចនាខុសពី SU7 ជាពិសេសទាក់ទងនឹងកុងសូលកណ្តាល។ តាមប្រភពព័ត៌មានបឋមបានបង្ហើបថា តម្លៃរបស់ Xiaomi SU7 (MX11) អាចនឹងប្រហាក់ប្រហែលគ្នានឹងតម្លៃ Tesla Model Y នៅក្នុងប្រទេសចិន ដែលបច្ចុប្បន្ន គឺមានតម្លៃខ្ទង់ចាប់ពី ៣៤,៥០០ដុល្លារ ដល់ ៤៨,៩៥០ដុល្លារ។ នាពេលបច្ចុប្បន្ននេះ Xiaomi ត្រូវបានគេដឹងថា កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបញ្ចប់គម្រោង F2 ដែលជាដំណាក់កាលទីពីរនៃរោងចក្រផលិតរថយន្តរបស់ខ្លួន។ ហើយដំណាក់កាលនេះ អាចនឹងមិនបញ្ចប់ ដើម្បីដាក់ឱ្យដំណើរការនៅមុនរដូវក្តៅឆ្នាំ២០២៥នោះទេ។
គួរជម្រាបថា កាលពីរថយន្តដំបូងរបស់ Xiaomi គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈបច្ចុប្បន្នបានធ្វើការពីរវេន ប៉ុន្តែនៅតែមិនអាចធ្វើការផលិតរថយន្តម៉ូដែល SU7 ទាន់តម្រូវការទីផ្សារ ដូចនេះសម្រាប់គម្រោងរបស់ក្រុមហ៊ុនក្នុងការចេញលក់រថយន្ត SUV នៅក្នុងត្រីមាសដំបូង ត្រូវបានគេមើលឃើញថា អាចនឹងមានបញ្ហាប្រឈមជាមួយកត្តាសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ ទោះជាយ៉ាងណា មានតែរងចាំមើលទាំងអស់គ្នាថា តើ Xiaomi SUV រថយន្តម៉ូដែលទីពីររបស់ Xiaomi អាចមានលទ្ធភាពបង្ហាញរូបបង្អួតរាងលើទីផ្សារនៅដើមឆ្នាំ២០២៥ តាមគម្រោងឬយ៉ាងណា?