(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការរៃអង្គាសថវិកា សម្រាប់សាងសង់អគារសិក្សាថ្មីមួយខ្នង មានកម្ពស់ ១០ជាន់ ជូនដល់កុមារអូទីស្សឹម នៃសាលាអប់រំពិសេសនៃការលូតលាស់ ដែលស្ថិតនៅតំបន់បឹងទំពុន រាជធានីភ្នំពេញ ក្រុមហ៊ុនទឹកផ្លែឈើ Yeo's បានបើកយុទ្ធនាការ «១លានដប» ដោយរាល់អតិថិជនដែលបានទិញទឹកផ្លែឈើផលិតថ្មីរបស់ Yeo's ចំណុះ ៣៨០មីលីលីត្រ គឺអតិថិជននឹងបានចូលរួមថវិកាចំនួន ១០០រៀល ក្នុងការជួយសាងសង់សាលាជូនកុមារអូទីស្សឹម។
នេះបើតាមការបញ្ជាក់របស់ប្រធានទីផ្សាររបស់ក្រុមហ៊ុន ទឹកផ្លែឈើ Yeo's លោកស្រី សូ ស្រីស ក្នុងពិធីប្រគំតន្ដ្រីសប្បុរសធម៌ ដើម្បីស្វែងរកជំនួយសាងសង់អគារសិក្សាថ្មីដល់កុមារអូទីស្សឹម នៅសាលាអប់រំពិសេសនៃការលូតលាស់ ដែលមានការអញ្ជើញចូលរួមពី លោក លឹម តារារិទ្ធ ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា, លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិនៃក្រុមហ៊ុន ម៉េងលី គួច អេឌ្យខេសិន, តំណាងក្រុមហ៊ុនទឹកផ្លែឈើ Yeo's និងអាណាព្យាបាលរបស់កុមារអូទីស្សឹមជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រធានទីផ្សាររបស់ក្រុមហ៊ុន ទឹកផ្លែឈើ Yeo's បានឱ្យដឹងទៀតថា ក្នុងពិធីប្រគំតន្ដ្រីខាងលើនេះ ក្រុមហ៊ុនទឹកផ្លែឈើ Yeo's បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃគម្រោងសប្បុរសធម៌ ដើម្បីជួយសាងសង់អគារអប់រំទំនើបសម្រាប់កុមារអូទីស្សឹមផងដែរ។
លោកស្រី សូ ស្រីស បានថ្លែងបន្ដថា «យុទ្ធនាការ១លានដបនេះ គឺក្រុមហ៊ុនយើងបានចាប់ផ្ដើមនៅក្នុងខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ។គិតមកទល់នឹងពេលនេះ អតិថិជនយើង បានចូលរួមទិញប្រហែល៥០ម៉ឺនដបហើយ ចឹងយើងសង្ឃឹមថានាចុងខែធ្នូខាងមុខនេះ យើងនឹងបញ្ចប់នូវបេសកកម្មដោយជោគជ័យ គឺទទួលបាន ១លានដប ហើយបើគិតជាថវិកាសរុបចំនួន ១០០លានរៀល ស្មើនឹង ២៥,០០០ដុល្លារអាមេរិក ដើម្បីយកទៅឧបត្ថម្ភដល់សាលាអប់រំពិសេសនៃការលូតលាស់ សម្រាប់ចូលរួមចំណែកសាងសង់អគារសិក្សាថ្មី ជូនកុមារអូទីស្សឹម»។
ទន្ទឹមនឹងនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានចូលរួមនៅក្នុងយុទ្ធនាការនេះ ក៏ដូចជាអតិថិជនដែលតែងតែជួយគាំទ្រផលិតរបស់ក្រុមហ៊ុន ទឹកផ្លែឈើ Yeo's កន្លងមក។
តាមការបញ្ជាក់របស់លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា សាលាអប់រំពិសេសនៃការលូតលាស់ បានបង្កើតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។ គោលបំណងនៃបើកទទួលបង្រៀនកុមារអូទីស្សឹម ដោយសារតែ កុំឱ្យកុមារអូទីស្សឹម ត្រូវអាណាព្យាបាលទុកនៅតែក្នុងផ្ទះចាក់សោរ មិនទទួលបានការប្រាស្រ័យទាក់ទង និងការសិក្សាដូចក្មេងគេផ្សេងទៀត។
មកទល់នឹងបច្ចុប្បន្ន សាលាអប់រំពិសេសនៃការលូតលាស់នេះ មានសិស្សចំនួន ៣៣០នាក់ និងបុគ្គលិក ជាង១០០នាក់ ។សព្វថ្ងៃអគារសិក្សា គឺជួលគេទំាងអស់ ចំនួន ៤ល្វែង ដែលជួបនឹងផលវិបាកជាច្រើន ពិសេសខ្វះខាតបន្ទប់សម្រាប់បង្រៀន និងបន្ទប់សម្រាប់កុមារសម្រាកឱ្យបានត្រឹមត្រូវ។
ដោយឃើញពីការលំបាកនេះ ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន បានផ្ដល់ដីមួយកន្លែងឱ្យយើង ប៉ុន្ដែយើងមិនមានថវិកាសម្រាប់សាងសង់អគារសិក្សាថ្មីជូនដល់កុមារអូទីស្សឹមនោះឡើយង ដូច្នេះហើយបានជាធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ តាមរយៈកម្មវិធីរៃអង្គាសថវិកា ១ដុល្លារ មួយសុបិន្ដ ដែលចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២៤មកនេះ ដើម្បីស្វែងរកថវិកាឱ្យបានគ្រប់គ្រាន់សម្រាប់សាងសង់ ដែលខ្ទង់ចំណាយរហូតដល់ទៅ ១លាន៦សែនដុល្លារ ដែលអគារនេះ មានបន្ទប់បង្រៀនសិស្សបានត្រឹមត្រូវ មានបន្ទប់ស្នាក់នៅ អាងហែលទឹក អាហារដ្ឋាន ផ្សេងៗទៀត។
លោកស្រីបានបន្ដថា «ក្នុងឱកាសនោះ យើងក៏បានការជួយពីក្រុមហ៊ុន ទឹកផ្លែឈើ Yeo's ដោយក្រុមហ៊ុននឹងរៃអង្គាសថវិកា តាមរយៈយុទ្ធនាការ១លានដប ដោយយកថវិកាដែលបានមកពីបេសកកម្មរបស់គាត់ នឹងយកមកឧបត្ថម្ភដល់សាលាយើង សម្រាប់សាងសង់អគារសិក្សាថ្មីជូនកុមារអូទីស្សឹម។ ពិសេសតាមរយៈកិច្ចព្រមព្រៀងដែលយើងបានធ្វើឡើងរវាងសាលារៀន និងក្រុមហ៊ុននៅពេលនេះ និងជំរុញឱ្យការសាងសង់អគារសិក្សា នឹងមានដំណើរឆាប់រហ័ស»។
ជាមួយគ្នានោះដែរ ឪពុកម្ដាយ និងអាណាព្យាបាលរបស់កុមារអូទីស្សឹម និងលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិក បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនទឹកផ្លែឈើ Yeo's បានចូលរួមចំណែកជាថវិកាសម្រាប់សាងសង់អាគារសិក្សាថ្មីជូនកុមារអូទីស្សឹម ។
សូមជម្រាបថា មកទល់នឹងបច្ចុប្បន្ន គម្រោងសាងសង់អគារសិក្សាថ្មីជូនកុមារអូទីស្សឹម ទទួលបានថវិកាសរុបប្រមាណ ៣ម៉ឺនដុល្លារ ដែលមិនទាន់គ្រប់គ្រាន់ក្នុងការសាងសង់អគារសិក្សាថ្មីនៅឡើយ ដូច្នេះសាលាអប់រំពិសេសនៃការលូតលាស់ នៅតែបន្ដអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានបន្ដចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់សាលាជូនកុមារអូទីស្សឹមកម្ពុជា៕