(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានប្រកាសថា នឹងប្រើប្រាស់មន្ដ្រីអាជ្ញាកណ្ដាលរហូតដល់ ៦រូប ដើម្បីកាត់សេចក្ដីការប្រកួតកក្នុងជំនួបដ៏ធំរវាងបឹងកេត និងភ្នំពេញក្រោន ដែលអ្នកគាំទ្រឲ្យរហស្សនាមថាជាជំនួប The Classic Match នៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៤ នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ការប្រកាសនេះមានន័យថា ក្របខណ្ឌលីគកំពូលកម្ពុជា CPL នឹងបន្ថែមនូវជំនួយការអាជ្ញាកណ្ដាល ២រូប ដែលត្រូវឈរនៅជិតបង្គោលទីខាងឆ្វេង (ទាំងសងខាង) ដើម្បីផ្តល់នូវភាពច្បាស់លាស់ជាងមុនក្នុងការវិនិច្ឆ័យ និងសម្រាប់ជាជំនួយយ៉ាងសំខាន់ដល់អាជ្ញាកណ្តាលនៅលើទីលាន ជាពិសេសក្នុងតំបន់ផ្ទៃប៉េណាល់ទី។ ដូច្នេះជំនួប The Classic Match នេះ នឹងក្លាយជាការប្រកួតដំបូង ដែលនឹងត្រូវប្រើមន្ដ្រីអាជ្ញាកណ្ដាលរហូតដល់ ៦រូប ។

គួរដឹងថា ការបន្ថែមជំនួយការអាជ្ញាកណ្ដាល ២រូបនេះ ឆ្លើយតបនឹងបញ្ហាចម្រូវចម្រាសពាក់ព័ន្ធរឿងអាជ្ញាកណ្ដាលនាពេលកន្លងមក ពិសេសហេតុការណ៍ដ៏ក្ដៅគគុកក្នុងជំនួបសប្ដាហ៍ទី៧ រវាងក្រុម Tiffy Army និងវិសាខា កាលពីចុងខែកញ្ញា ។

ការណ៍នោះ បានជំរុញឲ្យ CPL ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានវិធានការភ្លាមៗ ហើយបានបើកវគ្គសិក្សាសម្រាប់មន្ដ្រីអាជ្ញាកណ្ដាល មុនសម្រេចបន្ថែមជំនួយការអាជ្ញាកណ្ដាល ដើម្បីកាត់បន្ថយកំហុសរបស់អាជ្ញាកណ្ដាលលើទីលាន ក៏ដូចជាជួយឲ្យការប្រកួតកាន់តែមានភាពសុក្រិត ចាប់ពីសប្ដាហ៍ទី១៤ តទៅ ។

ប្រភពដដែលបានបន្ថែមថា «អ្វីដែលកាន់តែពិសេស នឹងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជានោះ គឺជំនួបដ៏ធំខ្លាំងមួយនេះ នឹងមានមន្ដ្រីអជ្ញាកណ្ដាលចំនួន ៦រូប កាត់សេចក្តីនៅលើទីលាន ក្រោយពីបានសិក្សាវគ្គសុចរិតភាព និងច្បាប់នៃការប្រកួតបាល់ទាត់ ក្រោមកិច្ចសហការ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដែលធ្វើបទបង្ហាញដោយផ្ទាល់ពីគ្រូឧទ្ទេស អញ្ជើញមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កាលពីសប្ដាហ៍មុនកន្លងទៅផងដែរ ក្រោមការរៀបចំដោយក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ»

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ជុំវិញការបន្ថែមមន្ដ្រីជំនួយការអាជ្ញាកណ្ដាលនៅលើទីលាន នឹងត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១៤ តទៅ សម្រាប់ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ៕