(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបដិសេធជាសាធារណៈនៅថ្ងៃពុធសប្តាហ៍នេះ ចំពោះការចោទប្រកាន់ថាខ្លួនប្រើប្រាស់ទិន្នន័យអតិថិជនពីកម្មវិធី Microsoft 365 របស់ខ្លួនដូចជា Word និង Excel ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការឆ្លើយតបនេះ បានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនបានលើកឡើងពីការព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមហ៊ុនតម្រូវឱ្យអ្នកប្រើប្រាស់ដកខ្លួនចេញពីមុខងារ «បទពិសោធន៍ដែលបានតភ្ជាប់» ឬ (connected experiences) ដែលពួកគេអះអាងថាត្រូវបានប្រើដើម្បីបណ្តុះបណ្តាលគំរូ AI ។
អ្នកនាំពាក្យរបស់ Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា «ការអះអាងទាំងនេះមិនពិត។ Microsoft មិនប្រើទិន្នន័យអតិថិជនពីកម្មវិធីអ្នកប្រើប្រាស់ និងពាណិជ្ជកម្មរបស់ Microsoft 365 ដើម្បីបណ្តុះបណ្តាលគំរូភាសាធំៗជាមូលដ្ឋានទេ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «បទពិសោធន៍ដែលបានតភ្ជាប់» ត្រូវបានរចនាឡើងដើម្បីបង្កើនមុខងារដូចជាសហអ្នកនិពន្ធ និងការផ្ទុក Cloud ហើយវាមិនទាក់ទងទៅនឹងរបៀបដែលក្រុមហ៊ុនបណ្តុះបណ្តាលម៉ូដែល AI របស់ខ្លួននោះទេ។
យ៉ាងណាមិញបើទោះបីជាមានការធានាពីក្រុមហ៊ុន Microsoft ក៏ដោយ ការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈចុងក្រោយនេះឆ្លុះបញ្ចាំងពីការបារម្ភដែលកំពុងបន្តទាក់ទងនឹងឯកជនភាពទិន្នន័យ ខណៈអ្នកប្រើប្រាស់ជាច្រើនលើកឡើងថា ទិន្នន័យរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាលគំរូ AI ដោយគ្មានការអនុញ្ញាត។
គួរជម្រាបថា មុខងារ «បទពិសោធន៍ដែលបានតភ្ជាប់» ឬ (connected experiences) ត្រូវបាន Microsoft ដាក់ឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ៕