(មេនឆេស្ទើ)៖ កីឡាករប្រដាល់ទម្ងន់អង់គ្លេស Derek Chisora នឹងត្រូវពើបប្រទះនឹង Otto Wallin របស់ស៊ុយអែត នៃជំនួបមិត្តភាពអន្តរជាតិនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនៅប្រទេសអង់គ្លេស។

ការប្រកួតនេះដែរ នឹងធ្វើឡើងនៅសង្វៀនដែលស្ថិតក្នុងទីក្រុង Manchester នៅពេលជើងខ្លាំងទាំងពីរនេះបានជួបគ្នារួចមកហើយក្នុងសន្និសីទនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

កីឡាករជើងចាស់ដែលឡើងវាយបាន ៤៨លើក Chisora នឹងឈានចូលវ័យ ៤១ឆ្នាំ បាន ៦សប្តាហ៍ មុនពេលឡើងសង្វៀនប្រកួតទល់នឹង Wallin នៅសង្វៀន Co-op Live Arena ជាទីតាំងដែលកីឡាកររស់នៅទីក្រុង London រូបនេះយកឈ្នះ Joe Joyce ដោយពិន្ទុមិនឯកច្ឆន្ទនាអំឡុងខែកក្កដា ដែលលោកជិតប្រកាសចូលនិវត្តន៍ហើយ។

លោក Chisora បានថ្លែងថា «ខ្ញុំមានរាត្រីដ៏អស្ចារ្យមួយចំនួននៅ Manchester និងសង្ឃឹមថា វានឹងកើតឡើងម្តងទៀត សម្រាប់ ១ប្រកួតចុងក្រោយរបស់ខ្ញុំនៅទីនេះ»

Chisora ដែលមានដើមកំណើតហ្ស៊ីមបាវ៉េ បានចាប់ផ្តើមប្រដាល់សកលអាជីពកាលឆ្នាំ២០០៧ ធ្លាប់ចាញ់ ១៣លើក ក្នុងរួមទាំងការបរាជ័យក្រោមកណ្តាប់ដៃរបស់ Tyson Fury ៣លើកទៀតផង និងធ្លាប់ឡើងវាយដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹង Vitali Klitschko ក្នុងឆ្នាំ២០១២ ដែរ ដ្បិតគូប្រជែង Wallin វ័យ ៣៤ឆ្នាំ ធ្លាប់ឈ្នះ ២៧ដង និងចាញ់ ២លើក៕