(បរទេស)៖ យោងតាមទិន្នន័យពី Counterpoint Research បានបង្ហាញថា ទីផ្សារស្មាតហ្វូនអេក្រង់បត់ទូទាំងពិភពលោកបានជួបប្រទះនឹងការធ្លាក់ចុះជាលើកដំបូងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ជាមួយនឹងការនាំចេញបានធ្លាក់ចុះ ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បន្ទាប់ពីកំណើនប្រាំមួយត្រីមាសជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បានរក្សាទីតាំងរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំទីផ្សារដោយកាន់កាប់ចំណែក ៥៦ភាគរយ ប៉ុន្តែចំនួននេះ គឺជាធ្លាក់ចុះខ្លាំងបំផុតបើធៀបនឹងចំណែកទីផ្សារ ៧០ភាគរយដែលរកបានកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ត្រូវបានគេសន្មតថាដោយសារតែលក់មិនអំណោយផលសម្រាប់ម៉ូដែលចេញថ្មី Galaxy Z Fold6 និង Z Flip6 របស់ខ្លួន ខណៈវាមិនដំណើរការល្អដូចជំនាន់មុនរបស់ពួកគេឡើយ។
យ៉ាងណាមិញ បើទោះបីជា Samsung នាំមុខគេក៏ដោយ ដៃគូប្រកួតប្រជែងដូចជា Huawei, Honor, Motorola និង Xiaomi បានឃើញការកើនឡើងច្រើនបំផុតនៃចំណែកទីផ្សាររបស់ពួកគេក្នុងរយៈពេល ៣ខែកន្លងទៅនេះ។ ដោយក្នុងនោះ Huawei កាន់កាប់ចំណែកទីផ្សារ ១៥ភាគរយ, Honor ១០ភាគរយ, Motorola ៧ភាគរយ, Xiaomi ៦ភាគរយ, ក្រុមហ៊ុនផ្សេងទៀតសរុបធ្លាក់ចុះ ៣៣ភាគ និងធ្លាក់ចុះ ១ភាគរយទូទាំងពិភពលោក។ ប៉ុន្តែចំណែកទីផ្សាររបស់ពួកគេសុទ្ធសឹងតែកើនឡើងខ្ពស់ចន្លោះពី ២៣ភាគរយ ដល់ ១៨៥ភាគរយឯណោះ ជាពិសេសគឺក្រុមហ៊ុនចិន Xiaomi៕