(ភ្នំពេញ)៖ សហគ្រិនខ្មែរ បានប្រកាសអ្នកឈ្នះ នៃកម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិត របស់យុវជននៅក្នុង វិស័យសហគ្រិនភាព។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតិភាពនៃ ម្ចាស់ជ័យលាភីទាំង៥ក្រុម ដែលត្រូវបានជំរុះក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យ ចូលរួម។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «កម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀត របស់សហគ្រិនខ្មែរដែលផ្ដល់ ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាស ដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាព»។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍»។ ធាតុសំខាន់នៃការប្រកួតប្រជែងគឺ ការផ្តោតលើការដាក់ចំណោទ បញ្ហាដែលកើតមានឡើងនៅក្នុងបរិបទ អាជីវកម្មជាក់ស្ដែង ហើយតម្រូវឱ្យបេក្ខជនប្រកួតមានគំនិតផ្ដួចផ្ដើម ស្វែងរកដំណោះស្រាយបែបបច្ចេកវិទ្យា ទៅលើបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យមានភាពប្រសើរ ឡើងនៅក្នុងប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាព។
សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំង៣ ក្រុម៖
* ជ័យលាភីលេខ១ បានទៅលើក្រុម Beyonism
* ជ័យលាភីលេខ២ បានទៅលើក្រុម Gofit
* ជ័យលាភីលេខ៣ បានទៅលើក្រុម Ordersyn
សហគ្រិនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភដែលរួមមាន ក្រុមហ៊ុន Smart Axiata (Platinum Sponsor), ធនាគារអេស៉ីល៉ីដា (Gold Sponsor) និង ធនាគារវីង (Silver Sponsor), ដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ វិស័យសហគ្រិនភាព និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើន៕