(ឡុងដ៍)៖ អតីតខ្សែបម្រើតោខៀវ Chelsea និងជម្រើសជាតិតោកំណាចអង់គ្លេស Frank Lampard ត្រូវបានតែងតាំងជាគ្រូបង្គោលនៃក្លិបបាល់ទាត់ Coventry City ដែលលេងនៅក្របខណ្ឌទី២ Championship បច្ចុប្បន្ន ក្រោមកិច្ចសន្យា ២ឆ្នាំកន្លះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Coventry ដែលកំពុងនៅចំណាត់ថ្នាក់លេខ១៧ ក្នុងតារាងនាពេលនេះ បានក្លាយជាក្លិបទី៥ ដែលបុរសវ័យ ៤៦ឆ្នាំដឹកនាំ បន្ទាប់ពីវិវត្តន៍ខ្លួនក្លាយជាអ្នកចាត់ការទូទៅរួចមក ដោយធ្លាប់ចំណាយពេលដឹកនាំ Derby County, Everon និងដឹកនាំ Chelsea ២លើកផងដែរ។
Lampard ត្រូវបានតែងតាំងដឹកនាំ Coventry ដើម្បីជំនួសតំណែងលោក Mark Robins ដែលត្រូវបានដកតួនាទីធំនេះកាលពីដើមខែវិច្ឆិកា ក្រោយចំណាយពេលដឹកនាំ ៧ឆ្នាំ និងក្លាយជាគ្រូបង្វឹកដំបូងផងដែររបស់ក្រុមរហស្សនាម Sky Blues ក្រោមការកាន់កាប់ដោយម្ចាស់ថ្មីគឺលោក Doug King គិតចាប់តាំងពីបានទិញក្លិបនេះមកគ្រប់គ្រងនាអំឡុងខែមករា ឆ្នាំ២០២៣។
Frank Lampard បានធ្វើការនៅប្រព័ន្ធផ្សព្វផ្សាយ គិតចាប់តាំងអស់តួនាទីជាគ្រូបង្វឹកស្តីទីនៅកីឡដ្ឋាន Stamford Bridge នាអំឡុងខែឧសភា ឆ្នាំ២០២៣។ ១ប្រកួតបើកឆាករបស់ Lampard ជាមួយ Coventry ត្រូវទទួលក្រុមភ្ញៀវ Cardiff City នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រចាំសប្តាហ៍ទី១៨៕