(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីម៉ាឡេស៊ី នាវេលាម៉ោង ៣រសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងជំនួបបញ្ចប់ពូល B ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) នៅប្រទេសឡាវ។

នេះគឺជាការប្រកួតដ៏សំខាន់ ពិសេសសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ដែលកំពុងមានប្រៀប ដ្បិតត្រូវការលទ្ធផលត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងវគ្គបន្ដ ខណៈបើចាញ់ នឹងត្រូវអស់ឱកាសតែម្ដង។ ចាំមើលក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ារី តើក្រុមជម្រើសជាតិនារីកម្ពុជា អាចក្ដោបក្តាប់ឱកាសមាសនេះបានដែរឬទេ?

បច្ចុប្បន្នក្រុមបាល់ទាត់នារីកម្ពុជា កំពុងឈរលេខ២ និងមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតបើកឆាកស្មើឥណ្ឌូនេស៊ី ០-០ គ្រាដែលឥណ្ឌូនេស៊ី បានឈរកំពូលតារាងដោយរកបាន ៤ពិន្ទុ បន្ទាប់ពីប្រកួតទី២ របស់ពួកគេបានយកឈ្នះម៉ាឡេស៊ី ១-០។ រីឯក្រុមបាល់ទាត់នារីម៉ាឡេស៊ី នៅមិនទាន់មានពិន្ទុរាប់នោះទេ។ ការណ៍នេះនាំឲ្យម៉ាឡេស៊ី ត្រូវការឈ្នះដាច់ខាត ក្នុងជំនួបជាមួយក្រុមកីឡាការិនីកម្ពុជានារសៀលនេះ។

យ៉ាងណាមិញក្រឡេកទៅមើលការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា ពេលជួបឥណ្ឌូនេស៊ី ក្រុមកីឡាការិនីកម្ពុជា ពិតជាធ្វើបានយ៉ាងល្អ ដ្បិតមិនអាចបំប៉ោងសំណាញ់ទីគូប្រកួត តែបានដាក់សម្ពាធ និងបង្កើតឱកាសជាច្រើន។ តាមរយៈនេះ អ្នកគាំទ្រជឿជាក់ថា ការជួបម៉ាឡេស៊ីថ្ងៃនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងបន្ដធ្វើបានកាន់តែល្អ ដើម្បីក្ដោបឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2024៕