(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ មានសេចក្តីសោមនស្សរីករាយ ដែលបានប្រគល់ជូននូវអត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រាដំបូងដល់អតិថិជនទី ១ បន្ទាប់ពីការប្រើប្រាស់ការធានារ៉ាប់រងអស់រយៈពេល ៦ឆ្នាំ គិតចាប់ពីថ្ងៃជាវបណ្ណសន្យារ៉ាប់រង។ ការប្រគល់ជូននេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការបំពេញតាមការសន្យា និងការធ្វើឱ្យជីវិតអតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើង។
លោកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ បានលើកឡើងថា «ចក្ខុវិស័យរបស់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍យើងខ្ញុំ គឺធ្វើឱ្យជីវិតអតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើង ដោយការផ្តល់ជូននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុដែលពួកគេត្រូវការជាចាំបាច់ នៅពេលវេលាដ៏សំខាន់បំផុតនៃជីវិត។ អត្ថន័យដ៏សំខាន់នៃអត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រានេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើភាពច្នៃប្រឌិតនៅក្នុងវិស័យធានារ៉ាប់រង»។
លោកស្រីបានបន្តថា «យើងជឿជាក់ថាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់យើងគួរតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ នៅពេលដែលពួកគេត្រូវការបំផុត ជាជាងទទួលបានអត្ថប្រយោជន៍នោះ បន្ទាប់ពីជួបគ្រោះអកុសលបាត់បង់ជីវិត។ ត្រង់នេះបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគោរពតាមការសន្យា ហើយយើងសង្ឃឹមថានឹងមានអតិថិជនជាច្រើនបន្ថែមទៀត នឹងទទួលបាននូវអត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រា ក៏ដូចជា អត្ថប្រយោជន៍ដល់កាលកំណត់ នៅពេលឆាប់ៗខាងមុខនេះ»។
អត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រារបស់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ត្រូវបានរចនាឡើង ដើម្បីអាចឱ្យម្ចាស់បណ្ណសន្យារ៉ាប់រងទទួលបាននូវចំណែកខ្លះ នៃអត្ថប្រយោជន៍ធានារ៉ាប់រងរបស់ពួកគេ ក្នុងខណៈពេលនៅបន្តរស់រានមានជីវិត។ លក្ខណៈពិសេសនៃអត្ថប្រយោជន៍នេះ មិនត្រឹមតែផ្តល់នូវសន្តិភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវធនធានផ្នែកហិរញ្ញវត្ថុដ៏សំខាន់ថែមទៀតផងដែរ ដែលអាចឱ្យម្ចាស់បណ្ណសន្យារ៉ាប់រងប្រើប្រាស់ប្រាក់សន្សំនេះ សម្រាប់ការរៀបចំផែនការជីវិតសំខាន់ៗដូចជាលើការអប់រំ ការទិញផ្ទះ ឬប្រាក់បម្រុងសម្រាប់ការចំណាយដែលមិនបានរំពឹងទុកនានា។
លោកស្រី ណុប ផេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រារបស់លោកស្រីពីក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ដោយលោកស្រីបាននិយាយថា «ខ្ញុំពិតជារីករាយណាស់ដែលបានទទួលអត្ថប្រយោជន៍ពីក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ដូចដែលក្រុមហ៊ុនធ្លាប់បានសន្យា ហើយខ្ញុំនឹងរង់ចាំទទួលអត្ថប្រយោជន៍ដល់កាលកំណត់ចុងគ្រាក្នុងរយៈពេលបីឆ្នាំខាងមុខនេះទៀត»។
ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ នឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងការបន្តប្តេជ្ញាចិត្តលើគុណតម្លៃរបស់ខ្លួនគឺ៖ ការអភិវឌ្ឍ ការសហការ ការស្តាប់ ការច្នៃប្រឌិត ការបំពេញកាតព្វកិច្ច និងការធ្វើឱ្យប្រសើរឡើង។ ភាពជោគជ័យនៃការប្រគល់នូវអត្ថប្រយោជន៍ដល់កាលកំណត់ប្រចាំគ្រាដំបូងដល់អតិថិជននេះ គឺជាសក្ខីភាពមួយដែលបង្ហាញថាក្រុមហ៊ុនពិតជាបានបំពេញតាមការសន្យារបស់ខ្លួនក្នុងការធ្វើឱ្យជីវិតរបស់ក្រុមគ្រួសារខ្មែរកាន់តែមានភាពប្រសើរឡើង។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ www.gc-life.com.kh ឬទំនាក់ទំនងមកកាន់ 023 989 218 ។
* អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍
ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយ គឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍ ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ និងបានចាប់បើកសម្ពោធក្រុមហ៊ុនជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨៕