(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដោយមានសមាគម/ក្លិបចូលរួមសរុប ៣១ក្រុម ស្របពេលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការកែទម្រង់នូវលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍវិស័យបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានថ្លែងក្នុងពិធីចាប់ពូល កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះ នឹងបន្ដកែប្រែលក្ខខណ្ឌថ្មីមួយចំនួន ដើម្បីបើកឱកាសឲ្យបណ្ដាសមាគម/ក្លិបចូលរួម បានបង្កើនគុណផល ក៏ដូចជាលទ្ធផលការប្រកួតប្រជែងកាន់តែរន្ថើន ដូចជាការអនុញ្ញាតឲ្យប្រើប្រាស់កីឡាករមានគុណផលខ្ពស់ ២រូប (ជម្រើសជាតិ) និងកីឡាករបរទេស ១រូប លើទីលាន ហើយផ្ដល់ឱកាសឲ្យយុវជន ២ ឬ ៣នាក់ក្នុងការប្រកួតនីមួយៗ ។

លោកថា ការកែប្រែនូវលក្ខខណ្ឌនេះ ដើម្បីលុបបំបាត់នូវទំនោដើម ដែលភាគច្រើនក្លិបមួយចំនួន មិនសូវផ្ដល់ឱកាសដល់យុវជន ពោលគឺប្រើប្រាស់តែកីឡាករចាស់ៗ ទោះបីកីឡាករខ្លះ ធ្លាក់គុណផលក៏ដោយ ។ ម្យ៉ាងក៏ជាការផ្ដល់ឱកាសដល់សមាគម/ក្លិបទាំងអស់ មកពី ២៥រាជធានី-ខេត្ត សុទ្ធតែមានឱកាសស្មើៗគ្នា ក្នុងការប្រជែងពាន ហើយលុបបំបាត់នូវពាក្យថា ឲ្យតែរៀបចំពាន គឺបានទៅក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ឬវិសាខាជាដើម ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល មានសុទិដ្ឋិនិយមថា «នៅពេលក្លិបគាត់មានឱកាសកាន់តែធំ ខ្ញុំជឿជាក់ថា គាត់កាន់តែដាក់ចិត្តដាក់កាយធ្វើការអភិវឌ្ឍក្លិបរៀងៗខ្លួន ។ បើក្លិបទាំង ៣១ ដែលចុះបញ្ជីក្នុងសហព័ន្ធ គាត់ចាប់ផ្ដើមពង្រឹងគុណផល ក៏ដូចជាអភិវឌ្ឍន៍ក្លិបរបស់គាត់ អ្វីដែលចំណេញ គឺសហព័ន្ធ ព្រោះកាលណាក្លិបខ្លាំង យើងអាចជ្រើសរើសកីឡាករមកខ្លាំងថែមទៀត ហើយពេលយើងបំពាក់បំប៉នហ្វឹកហាត់ជំនាញក្នុងជំរំជម្រើសជាតិ ធ្វើឲ្យគុណផលរបស់គាត់កើនឡើងទ្វេដង ។ នេះគឺជាទស្សនៈវិស័យគិតគូគូរដ៏វែងឆ្ងាយចំពោះយុវជនបន្ដវេនរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា»

សូមបញ្ជាក់ថា សម្រាប់បេក្ខភាពសមាគម/ក្លិបទាំង ៣១ក្រុម ដែលត្រៀមចូលរួមប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានបែងចែកជា ៨ពូល ។ ចំពោះក្រុមទទួលបានជើងឯក ពីការប្រកួតដែលប្រើប្រាស់ពេលវេលាមិនដល់ ២សប្ដាហ៍នេះ នឹងទទួលបានពាន អមប្រាក់រង្វាន់ចំនួន ៥០លានរៀលផងដែរ ៕