(ភ្នំពេញ)៖ កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) តាមបណ្ដសាលារៀន ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការ ៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៤ ខណៈមន្ដ្រីអូឡាំពិក បានវាយតម្លៃខ្ពស់ ចំពោះស្មារតីចង់សិក្សា និងលេងកីឡារបស់សិស្សានុសិស្សទាំងអស់ ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានគូបញ្ជាក់ ក្រោយបញ្ចប់កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ កាលពីថ្ងៃព្រហស្បតិ៍ថា ឆ្លងកាត់ការចែករំលែកចំណេះដឹងពីប្រវត្តិ និងទស្សនវិជ្ជាគុណតម្លៃអូឡាំពិក ៤ថ្ងៃកន្លងមក លោកសង្កេតឃើញសិស្សានុសិស្សទាំងអស់ ចង់សិក្សាស្វែងយល់ និងលេងកីឡាច្រើន ស្របតាមប្រធាន «រៀន និងលេង» នៃចលនាអូឡាពិកអន្ដរជាតិឆ្នាំនេះ ។
លោកបន្ដថា «បន្ទាប់ពីកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ៤ថ្ងៃកន្លងមកនេះ សិស្សានុសិស្សទាំង ៤សាលាបានយកចិត្តទុកដាក់ក្នុងការសិក្សា និងជ្រួតជ្រាបពីគុណតម្លៃអូឡាំពិក។ ពួកគាត់ក៏បានចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយ ដោយប្រធានបទរបស់យើង គឺរៀន និងលេង ដោយយើងមានទាំងការសិក្សាអប់រំពីគុណតម្លៃអូឡាំពិក ប្រវត្តិរបស់ចលនាអូឡាំពិក ទាំងបុរាណ និងសម័យ។ ពួកគាត់បានយល់ច្រើនពីអ្វីទៅដែលជាកីឡា ហើយយើងក៏បានផ្សព្វផ្សាយនូវយុទ្ធនាការកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ» ។
ទន្ទឹមជាមួយយុវជន ស៊ាន វណ្ណយុទ្ធ និងកញ្ញា មុនី កែវធីតា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ បានសម្ដែងក្ដីរីករាយ និងបង្ហាញពីគុណប្រយោជន៍នៃការលេងកីឡា ក្រោយស្ដាប់នូវការបង្រៀនអំពីប្រវត្តិ និងទស្សនវិជ្ជា ទាំងអូឡាំពិកសម័យបុរាណ និងទំនើប ពួកគេពិតជាមានការភ្ញាក់ផ្អើល និងស្នើឲ្យសិស្សានុសិស្សទាំងអស់ គួរឆ្លៀតពេលលេងកីឡា ចៀសវាងការយកពេលទំនេរពីការសិក្សា ទៅប្រើប្រាស់ខុស ឬប្រព្រឹត្តអំពើស្អប់ខ្ពើមផ្សេងៗ ដ្បិតកីឡា មិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាព តែក៏ជួយពង្រឹងនូវបញ្ញាស្មារតីក្នុងការសិក្សាផងដែរ ។
គួរដឹងថា ឆ្នាំនេះ NOCC គ្រោងរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកចំនួន ១០សាលា នៅរាជធានី-ខេត្តមួយចំនួន ដូចជាខេត្តកំពត និងខេត្តកែបជាដើម ។ ប៉ុន្ដែមុនបន្ដយុទ្ធនាការនេះ ទៅតាមបណ្ដាខេត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏គ្រោងនឹងរៀបចំកម្មវិធីនេះ នៅតាមបណ្ដាអង្គការមួយចំនួន ដើម្បីចែករំលែកចំណេះដឹងទាំងអស់នេះ ដល់កុមារក្រីក្រ និងខ្វះខាតឲ្យពួកគេបានយល់អំពីគុណប្រយោជន៍នៃការលេងកីឡា ក៏ដូចជាលើកទឹកចិត្តពួកគេឲ្យបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមផងដែរ ៕