(បរទេស)៖ កីឡាករប្រដាល់ Conor Benn សង្ឃឹមថា នឹងបានឡើងសង្វៀននៅអង់គ្លេសវិញឆាប់ៗនេះ បន្ទាប់ពីស្ថាប័នប្រឆាំងទៅនឹងសារធាតុញៀននៃប្រទេសនេះ (Ukad) សម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ដែលបានធ្វើការព្យួរជើង Benn រួចក៏លុបចោលវិញនោះ។
ជើងខ្លាំងប្រដាល់សកល វ័យ ២៨ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានដកអាជ្ញាបណ្ណកាលឆ្នាំ២០២២ ដោយក្រុមប្រឹក្សាគ្រប់គ្រងប្រដាល់អង់គ្លេស (BBBofC) និងបានលុបចោលការប្រកួតទល់នឹង Chris Eubank Jr ផងដែរ ក្រោយពេលតេស្តរកឃើញមានពាក់ព័ន្ធសារធាតុញៀន ២លើករួចមក និងដាក់បម្រាមមិនឱ្យឡើងប្រកួត ២ឆ្នាំទៀតផង។
ការព្យួរនេះត្រូវបានដកចេញនៅដើមខែនេះ ដោយ Ukad បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងគ្រឿងញៀន «មិនពេញចិត្ត» និងធ្វើឱ្យម្ចាស់កំណត់ត្រាវ៉ៃ ២៣លើកមិនដែលចាញ់រូបនេះ មានសេរីភាពឡើងវិញ ដ្បិតខកខានប្រកួតនៅទឹកដីអង់គ្លេសតាំងពីឆ្នាំ២០២២។
Ukad ត្រូវបានទុកពេលឱ្យ ២១ថ្ងៃ ក្នុងការប្តឹងឧទ្ធរណ៍ ក៏ប៉ុន្តែស្ថាប័នឯករាជ្យមួយនេះ សម្រេចមិនដាក់ពាក្យប្តឹងនោះទេ។
នៅអំឡុងជាប់បម្រាមនោះដែរ Benn ក៏បានឡើងសង្វៀនប្រកួតឈ្នះ ២លើកដោយការប្រកួតធ្វើឡើងនៅសហរដ្ឋអាមេរិក តាមរយៈផ្តួលកីឡាករ Rodolfo Orozco កាលខែកញ្ញា ឆ្នាំ២០២៣ និង Peter Dobson នាខែកុម្ភៈ ឆ្នាំ២០២៤។ ថ្មីៗនេះដែរ Conor Benn កំពុងរៀបចំប្រកួតជាមួយ Eubank Jr ឡើងវិញ ដែលនឹងធ្វើនៅអង់គ្លេស ជាជាងនៅអារ៉ាប៊ីសាអូឌីត៕