(បរទេស)៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo របស់ប្រទេសកាណដា ត្រូវបានគេរាយការណ៍មកថា​បានបង្កើតរបកគំហើញដ៏សំខាន់មួយនៅក្នុងបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី (EV) ដោយបានអភិវឌ្ឍថ្មលីចូមអ៊ីយ៉ុង (Lithium-ion) ដែលអាចសាកពី 0% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ហើយវាថែមទាំងមានអាយុកាលសាកថ្មបានយូរជាងមុនថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ Electrek។

ប្រភពបានឱ្យដឹងថា របកគំហើញថ្មីនេះនឹងអនុញ្ញាតឱ្យអាយុកាលថ្មបានយូរជាងមុន ពោលគឺអាចរស់បានដល់ទៅ ៨០០រយដងនៃការសាកថ្មមួយពេញទើបថមថយសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យចំណេញពេលសាកថ្មបានច្រើនខ្លាំងជាងមុន បើធៀបនឹងឧស្សាហកម្មបច្ចុប្បន្នជិត ១ម៉ោង សូម្បីតែនៅស្ថានីយ៍សាកថ្មលឿនក៏ដោយ។

លោក Yverick Rangom សាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មគីមីរបស់ Waterloo បាននិយាយថា «ប្រសិនយើងអាចធ្វើឱ្យអាគុយមានទំហំតូច សាកថ្មបានលឿន និងប្រើប្រាស់បានយូរ យើងនឹងកាត់បន្ថយចំណាយទៅលើរថយន្ត»។ នោះនឹងធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាជម្រើសទី១ សម្រាប់អ្នកមនុស្សជាច្រើន រួមទាំងអ្នកដែលមិនមានកន្លែងសាកថ្មនៅផ្ទះ ជាពិសេសអ្នកដែលរស់នៅអាផាតមិន។

គួរជម្រាបថា លោក Michael Pope ដែលជាសហប្រធាននៃការស្រាវជ្រាវ និងជាសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងអេឡិចត្រូគីមីរបស់ Waterloo បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកំពុងដំណើរការស្រាវជ្រាវ «យើងកំពុងស្វែងរកវិធីប្រសើរជាងមុនក្នុងការរៀបចំភាគល្អិត និងផ្តល់មុខងារថ្មីដល់ឧបករណ៍នេះ ដែលចងមុខងារជាច្រើនបញ្ចូលគ្នា ដូចជាអេឡិចត្រុង អ៊ីយ៉ុង និងលក្ខណៈសម្បត្តិផ្ទេរកំដៅដ៏ទំនើបផ្សេងៗ»«វិធីសាស្រ្តនេះធានាថា បច្ចេកវិទ្យាអាចធ្វើមាត្រដ្ឋាន និងអនុវត្តដោយប្រើខ្សែសង្វាក់ផលិតកម្មបច្ចុប្បន្ន ដោយផ្តល់នូវដំណោះស្រាយក្នុងតម្លៃទាបដល់ក្រុមហ៊ុនផលិតអាគុយ»