(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ដោយជោគជ័យ ក្រោយសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិលោក Russell Stutely និងមានសិក្ខាកាមចូលរួមចំនួន ៣៦នាក់ មកពីបណ្ដាក្លិបសមាជិកនានា។

គ្រូឧទ្ទេសជនជាតិអង់គ្លេសដដែល បានបញ្ជាក់ថា វគ្គនេះ ផ្ដោតសំខាន់លើការអភិវឌ្ឍកីឡាប្រដាល់សកលអាជីព ដែលគ្រូបង្វឹកទាំងអស់ ត្រូវយល់ច្បាស់ពីគោលការណ៍សំខាន់ចំនួន៣ សម្រាប់ជំរុញការអភិវឌ្ឍ រួមមានកត្ដាកាយសម្បទា កម្លាំង និងបច្ចេកទេស។ ក្រៅសិក្សា ៤ថ្ងៃ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំសិក្សាស្វែងយល់របស់សិក្ខាកាមទាំងអស់។

លោក Russell Stutely បាននិយាយថា «ការបង្រៀនក្នុងវគ្គនេះ ផ្ដោតលើប្រដាល់អាជីព ដែលមានលក្ខណៈពិបាកជាងប្រដាល់ស្ម័គ្រចិត្ត ក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធ។ អ៊ីចឹងការធ្វើជាកីឡាករអាជីព ត្រូវឆ្លងកាត់អ្វីខ្លះ? អ្វីដែលសំខាន់ គឺកាយសម្បទា កម្លាំង និងបច្ចេកទេស ដែលត្រូវពង្រឹងការហ្វឹកហាត់ ទាំងការវាយ និងការពារ។ ទោះបីគ្រូខ្លះរៀនលឿន ខ្លះរៀនយឺត តែខ្ញុំប្រាកដថា គ្រូទាំងអស់ នឹងចាប់បាននូវបច្ចេកទេស ដើម្បីជំរុញដល់ការបង្ហាត់កូនសិស្សរបស់ខ្លួនកាន់តែល្អប្រសើរ»។

ជាមួយគ្នាដែរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េង ប្រធានសហព័ន្ធ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិក្សាកាម ហើយសង្ឃឹមថា គ្រូបង្វឹកទាំងអស់ នឹងយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់ការអភិវឌ្ឍជំនាញកីឡាប្រដាល់សកលកម្ពុជាឱ្យកាន់តែល្អប្រសើរ ខណៈសហព័ន្ធនឹងបន្ដធ្វើការជាមួយភាគីពាក់ព័ន្ធ ពិសេសស្វែងរកឱកាសប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ ដើម្បីផ្ដល់ឱកាសដល់កីឡាករក្នុងការបង្ហាញ និងដុសខាតសមត្ថភាពឲ្យកាន់តែរឹងមាំ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។

គួរដឹងថា ក្រោយបិទបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់សកលថ្នាក់ជាតិនេះ សហព័ន្ធក៏បានផ្ដល់នូវសម្ភារមួយចំនួន ដល់សិក្ខាកាមដែលជាគ្រូបង្វឹក សម្រាប់យកទៅបម្រើឲ្យការហ្វឹកហាត់តាមក្លិប ក្នុងន័យជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាផងដែរ៕