(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) ជាផ្លូវការហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីម៉ាឡេស៊ី ដោយលទ្ធផល ២-០ នៅប្រទេសឡាវ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។

ដូចការរំពឹងទុករបស់អ្នកគាំទ្រ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងជំនួបបញ្ចប់ពូលB ជាមួយការស៊ុតបំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ២គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ពឿន គន្ធា នៅនាទី១៨ និងកីឡាការិនី ឈិត សាភឿន នៅនាទី៤៥ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

ជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ឡើងឈរកំពូលតារាងពូលB ដោយរកបាន ៤ពិន្ទុស្មើគ្នាជាមួយក្រុមឥណ្ឌូនេស៊ី ដើម្បីដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់នារីប្រចាំតំបន់នេះ ។ រីឯពូលA គឺមានក្រុមសិង្ហបុរី ឈរលេខ១ និងទីម័រខាងកើត ឈរលេខ២ ។ ការណ៍នេះ កម្ពុជា នឹងត្រូវជួបទីម័រខាងកើត ខណៈឥណ្ឌូនេស៊ី នឹងត្រូវជួបសិង្ហបុរី នាថ្ងៃទី០២ ខែធ្នូខាងមុខ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតកាត់សេចក្ដីរកក្រុមជើងឯក AFF Women’s Cup 2024 នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ៕