(ព្រះសីហនុ)៖ តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិនៅខេត្តព្រះសីហនុ នាឆ្នាំ២០២៤នេះ លោក វង្ស គឹមហួត ប្រធានគណៈកម្មការរៀបចំបច្ចេកទេសនិងទីលានប្រណាំង បានបង្ហាញការចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានកីឡាករថ្មីៗចូលប្រកួតច្រើនជាងលើកមុន ហើយក៏បានសរសើរចំពោះពីសមត្ថភាព បច្ចេកទេស និងការយល់ដឹងពីលក្ខខន្តិកៈប្រកួតបានច្រើនជាងមុនរបស់ក្រុមកីឡាករទាំង៣ Class នេះ។

គួរជម្រាបថា ក្នុងការប្រណាំងរថយន្តអន្តរជាតិនេះ គឺមានការបែងចែកជា៣ប្រភេទ៖
១-​​ Class A (Hard core) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គខ្លាំងបំផុត
២- Class B (Light core) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គខ្លះៗ
៣- Class C (Overland) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គមិនសូវលំបាក។

លោក វង្ស គឹមហួត បានបញ្ជាក់ថា ដំណើរការរៀបចំនិងការប្រកួត off-Road អន្តរជាតិនៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ក្នុងនោះទឹកដៃក្រុមកីឡាករដែលប្រកួតក្នុង Class A និង Class B ក៏សុទ្ធតែបានបង្កើននូវសមត្ថភាព បច្ចេកទេស និងការយល់ពីលក្ខខន្តិកៈបានច្រើនជាងមុន។

ប្រធានគណៈកម្មការរៀបចំបច្ចេកទេសរូបនេះ ក៏ចាប់អារម្មណ៍ចំពោះការចូលរួមប្រកួតក្នុង Class C ដែលមានចំនួនច្រើនជាងឆ្នាំមុនៗ អ្នកថ្មីៗក៏បានចូលរួមប្រកួតនឹងគេ ហើយក៏មានទាំងកីឡាការនីចូលរួមច្រើនជាងមុនទៀតផងដែរ ដែលនេះជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡាយានយន្តនៅកម្ពុជា។

លោក វង្ស គឹមហួត ដែលជាកីឡាប្រណាំងយានយន្តដ៏ឆ្នើមរបស់កម្ពុជាមួយរូបនោះ បានបន្តទៀតថា ក្រុមកីឡាករមកប្រកួតលើកនេះ មានទឹកដីល្អជាងមុន ការកែច្នៃគ្រឿងម៉ាស៉ីនរថយន្តក៏កាន់តែរឹងមាំនិងត្រឹមត្រូវជាងមុន រីឯក្រុមនីមួយៗមានទាំងក្រុមជាងរៀងៗខ្លួន ដែលរង់ចាំជួសជុលរថយន្តនៅពេលរងការខូតខាតក្នុងពេលប្រកួតនេះ សក្តិសមជាក្រុមកីឡាករប្រណាំងយានយន្តអាជីព ពីព្រោះកន្លងមក កីឡាករខ្លះមិនមានក្រុមជាងផ្ទាល់ខ្លួននោះឡើយ។

តាមភាពជាក់ស្ដែង ក្នុងថ្ងៃទី១នេះ ការប្រណាំងឈានដល់ពេលយប់ ដោយ៖
* Class A (Hard core) ត្រូវប្រណាំងចំនួន៤ផ្លូវ ឬ 4 SS។
* Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS។
* Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងថ្ងៃដំបូងនេះ កុ្រមរថយន្តនៅក្នុង Class A (Hard core) បានជួបឧបសគ្គដ៏មហាលំបាកៗ ដែលធ្វើឱ្យរថយន្តប្រណាំងទាំងឡាយ ខ្លះដួលបះផ្ងារកង់ បោលបោកនឹងភ្នំ ឈ្មុលថ្ម មុជក្បាលនឹងដី ខៃដីហុយទ្រលោម ខ្លះដាច់ក្រឡេ បែកធុងទឹក ហៀរប្រេងម៉ាស៉ីន ខ្លះទៀតខូតខាតផ្នែកខ្លះនៃគ្រឿងម៉ាស៉ីនជាដើម ពោលគឺបង្ហាញពីភាពពុះពរស្វិតស្វាញក្នុងការប្រណាំងរថយន្ត off-Road នេះ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៉ី ចិន រុស្ស៉ី ជាដើម ដោយក្នុងនោះមានរថយន្តចូលរួមប្រកួតសរុប៥១គ្រឿង ហើយបើគិតទាំង Driver, co-Driver, ក្រុមការងារជំនួយ និងក្រុមជាងជួសជុលផងនោះ គឺមានចំនួនប្រមាណ៧៥០នាក់៕