(ពោធិ៍សាត់​)៖ ក្រុមហ៊ុន «ជីប ម៉ុង អុិនស៊ីស៊ីមេន» បានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន១៥គ្រឿង ដល់គ្រឹះស្ថានសិក្សាក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រដល់ការអប់រំបែបឌីជីថលនៅកម្ពុជា។​ ពិធីប្រគល់ឧបត្ថម្ភនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ជាមួយនឹងក្រសួងរ៉ែ និងថាមពល ក្រោមការអធិបតីភាពលោក អុឹង ឌីប៉ូឡា ប្រធានអគ្គនាយកដ្ឋានធនធានរ៉ែ។

ក្នុងឱកាសនោះលោក កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បានលើកឡើងថា ការចូលរួមឧបត្ថម្ភកុំព្យូទ័រយួរដៃ (Laptop) ១៥គ្រឿងនេះ បានជួយលើកកម្ពស់ភាពជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ថ្មី និងអ្នកបង្កើតថ្មីដើម្បីដើរតួនាទីយ៉ាងសំខាន់សម្រាប់អនាគតប្រទេសជាតិយើង។​ លោកសង្ឃឹមយ៉ាងមុតមាំថា ឧបករណ៍ទាំងនេះនឹងជួយបើកផ្លូវនូវចំណេះដឹងថ្មីៗ គំនិត និងឱកាសជាច្រើន ដោយឆ្ពោះទៅកាន់ប្រភពឌីជីថលដល់ប្អូនៗសិស្សានុសិស្ស និងអាចទទួលបានចំណេះដឹង និងជំនាញ លើសពីការសិក្សានៅក្នុងថ្នាក់រៀនមួយកម្រិតថែមទៀត។

បន្ថែមពីនេះ លោក កាសេម បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងក្រសួងរ៉ែ និងថាមពល គឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីរបៀបដែលវិស័យឯកជន និងរដ្ឋាភិបាលអាចធ្វើការជាដៃគូ ដើម្បីប្រយោជន៍សហគមន៍ហើយ សម្ព័ន្ធភាពនេះមាន គឺមានតម្លៃបំផុត។​ លោកក៏រំពឹងថា នឹងមានការសហការរួមគ្នាបន្ថែមទៀតដែលជាការចាប់ដៃ រួមគ្នារួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគត។​

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋជីប ម៉ុង អុិនស៊ី មិនត្រឹមតែ ផលិតស៊ីម៉ងត៍ក្នុងស្រុក ដែលមានគុណភាពខ្ពស់ ចែកចាយនៅលើទីផ្សារពាសពេញប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អុិនស៊ី ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិខ្មែរមួយនេះ តែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម វិស័យអប់រំ ក៏ដូចជាបង្កើនចំណេះដឹងដ៏មានអត្ថប្រយោជន៍ជាច្រើន ដល់ធនធានមនុស្សនៅកម្ពុជា៕