(បរទេស)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុន Huawei មានកំណើនរហូតដល់ ២៣% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤នេះ សម្រាប់ទីផ្សារស្មាតហ្វូនដែលអាចបត់បាន។ ការកើនឡើងនេះចំពេលការបង្ហាញស៊េរីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺត្រកូល Mate 70 ដែលសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន OEM របស់ចិនមួយនេះនេះ សម្រេចបាននូវសមិទ្ធិផលដ៏ធំបន្ថែមទៀត ទោះទទួលរងសម្ពាធពីដៃគូប្រជែងក្តី។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Huawei Cantral។

របាយការណ៍ពី Counterpoint បានចែករំលែកស្តីពីការនាំចេញទូរស័ព្ទដែលអាចបត់បានជាសាកល និងលក្ខខណ្ឌក្រុមហ៊ុននាពេលបច្ចុប្បន្ន ដោយបង្ហាញថាទីផ្សារស្មាតហ្វូនសកលមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ។ ក្នុងនោះទោះបីជាមានការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Z6 series ពីក្រុមហ៊ុន Samsung ក៏ដោយ ទីផ្សារស្មាតហ្វូនបត់បាននៅក្នុងទីផ្សារសកលមានការធ្លាក់ចុះ ១%។ តែយ៉ាងណា ងាកមកក្រុមហ៊ុន Huawei នៅតែរក្សាភាពស្ងប់ស្ងាត់ពីស្ថានភាពនេះ និងកើនឡើង ២៣% នៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បានជាសាកល ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤នេះ។ ក្រុមហ៊ុននេះទទួលបាន ១៥% នៃចំណែកទីផ្សារដែលអាចបត់បានទូទាំងពិភពលោក ដែលជាការកើនឡើង ២% ពីឆ្នាំមុន (រយៈពេលដូចគ្នា)។

គួរជម្រាបថា កត្តាដែលជម្រុញឲ្យក្រុមហ៊ុន Huawei មានការកើនឡើងនេះ គឺដោយសារតែស្មាតហ្វូន Mate X5 និង Pocket 2 នៅក្នុងទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនអេក្រង់បត់ដែលលក់ដាច់របស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Nova Flip របស់ក្រុមហ៊ុននេះ ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដោយសារតែតម្លៃសមរម្យ និងមុខងារ AI ជាច្រើនទៀត។ បន្ថែមពីនេះ ស្មាតហ្វូនបត់បាន៣ តង់របស់ក្រុមហ៊ុន Huawei នោះគឺ Mate XT ក៏ក្លាយជាកត្តាជម្រុញទីផ្សារស្មាតហ្វូនបត់បានផងដែរ៕